(ព្រះសីហនុ)៖ សាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល (ស.វ.ស) បានរៀបចំសិក្ខាសាលាស្តីពី «ការបូកសរុបសមិទ្ធិផល ឆ្នាំ២០១៦ និងទិសដៅផែនការ ឆ្នាំ២០១៧» ដែលមានរយៈពេល២ថ្ងៃ ពីថ្ងៃទី២០-២១ ខែធ្នូ ឆ្នាំ២០១៦ នៅសណ្ឋាគារអូរឈើទាល ខេត្តព្រះសីហនុ។
សិក្ខាសាលានេះធ្វើឡើង ដោយមានការចង្អុលបង្ហាញ និងអនុសាសន៍របស់ លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល ស.វ.ស ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព លោកសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃស.វ.ស រួមជាមួយវត្តមាន លោកសាស្ត្រាចារ្យ អ៊ុង សំអាន លោកវេជ្ជបណ្ឌិត មាន ឈីវុន ទីប្រឹក្សាក្រសួងសុខាភិបាល អស់លោកជាសាកលវិទ្យាធិការរង ព្រឹទ្ធបុរស ព្រឹទ្ធបុរសរង លោកនាយក នាយករង និងដោយមានការចូលរួមពីអស់លោក លោកស្រីជាប្រធានការិយាល័យ ប្រធានផ្នែក មន្រ្តីរាជការ មកពីមហាវិទ្យាល័យវេជ្ជសាស្រ្ត ឱសថសាស្រ្ត ទន្តវទនសាស្រ្ត សាលាបច្ចេកទេសថែទាំវេជ្ជសាស្ត ព្រមទាំងផ្នែកទាំងអស់ នៅសាកលវិទ្យាធិការដ្ឋាននៃ ស.វ.ស សរុបប្រមាណ១២០នាក់។
សិក្ខាសាលាស្តីពី «ការបូកសរុបសមិទ្ធិផល ឆ្នាំ២០១៦ និងទិសដៅផែនការ ឆ្នាំ២០១៧» របស់ ស.វ.ស នេះ មានគោលបំណងសំខាន់ ដើម្បីផ្តល់ឱកាសដល់អង្គភាព និងផ្នែកទាំងអស់នៅសាកលវិទ្យាធិការដ្ឋាន បង្ហាញអំពីសមិទ្ធិផល សម្រេចបានក្នុងឆ្នាំ២០១៦ ស្របតាមផែនការយុទ្ធសាស្ត្ររបស់ ស.វ.ស ឆ្នាំ២០១៤-២០១៨ និង ការចែករំលែកនូវបទពិសោធន៍ បញ្ហាប្រឈម និងការផ្តល់ជាអនុសាសន៍នានា សម្រាប់ជាការតាលីករ ក្នុងការឈានទៅសម្រេចភាពជោគជ័យ តាមគោលដៅកំណត់។
គោលបំណងសំខាន់មួយទៀត គឺដើម្បីពិភាក្សារៀបចំតាក់តែង នូវគម្រោងផែនការប្រតិបត្តិ គ្រប់ជ្រុងជ្រោយមួយ សម្រាប់ឆ្នាំ២០១៧ ដែលមានលក្ខណៈឆ្លើយតប កាន់តែមានប្រសិទ្ធភាព ឈានទៅសម្រេចបានទាំងស្រុង នូវផែនការយុទ្ធសាស្ត្ររបស់ ស.វ.ស ឆ្នាំ២០១៤-២០១៨។
សមិទ្ធិផលសម្រេចធំៗ និងគម្រោងផែនការប្រតិបត្តិឆ្នាំ២០១៧ របស់ ស.វ.ស ដែលបានបង្ហាញ និងបង្កើតបានតាមរយៈសិក្ខាសាលានេះ បានបង្ហាញយ៉ាងប្រត្យក្ស អំពីការយកចិត្តទុកដាក់ខ្ពស់ របស់ថ្នាក់ដឹកនាំ ជាពិសេសការគាំទ្រ លើកទឹកចិត្ត និងការផ្តល់អនុសាសន៍ជាប្រចាំរបស់ លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមផ្សំជាមួយកិច្ចខិតខំប្រឹងប្រែង ពុះពារអនុវត្តភារកិច្ចតាមផែនការ ផ្តោតលើការធ្វើកំណែទម្រង់ ផ្នែកបណ្តុះបណ្តាល ការស្រាវជ្រាវ អភិបាលកិច្ច ទំនើបកម្ម ការពង្រីកហេដ្ឋារចនាសម្ព័ន្ធ ពង្រីកកិច្ចសហប្រតិបត្តិការជាតិ-អន្តរជាតិ និងការធានាគុណភាព ស្របតាមផែនការយុទ្ធសាស្ត្រសុខាភិបាល និងផែនការយុទ្ធសាស្ត្រឆ្នាំ២០១៤-២០១៨ របស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល៕