(ភ្នំពេញ)៖ បើទោះបីជាយើងស្ថិតនៅក្រុមផ្សេងគ្នា តែយើងស្ថិតនៅក្រោមឆ័ត្រតែ១! លោក សោម អូន ប្រធានសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា (NACC) នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦នេះ បានចាត់ឲ្យក្រុមការងារនាំយកថវិកាខ្លះ ទៅប្រគល់ជូនមេសហជីពម្នាក់ ដែលលោកកំពុងជួបបញ្ហាប្រឈម គឺកូនស្រីរបស់ខ្លួនកំពុងតែមានជម្ងឺរលាកស្រោមខួរក្បាល។
ក្រុមការងារទាំងនោះរួមមាន៖ លោក ឈុំ វាសនា, លោក សុខ សម្បត្តិ, លោក វ៉ាត សំណាងលោក អ៊ុន ដារ៉ា, លោក លី ចាន់សុភក្តី, លោកស្រី សៀ គន្ឋា, លោក នួន នី និងក្រុមការងារមួយចំនួនទៀត ដែលជាតំណាងឲ្យសមាជិកក្រុមប្រឹក្សាភិបាលទាំងអស់។
ថវិកា «មូលនិធី អិនអេស៊ីស៊ី-NACC Foundation» ខាងលើនេះ ត្រូវបាននាំទៅឧបត្ថម្ភជូនដល់លោក នូ សំណាង ប្រធានសហព័ន្ឋសហជីពប្រជាធិបតេយ្យកម្ពុជា ដែលកូនស្រីរបស់គាត់មានជំងឺរលាកស្រោមខួរក្បាល កំពុងសម្រាកព្យាបាល នូវទឹកប្រាក់ចំនួន៦០ ម៉ឺនរៀល និងលោក ហង្ស ចំរើន ប្រធានសហព័ន្ឋសហជីព ចម្រើនកម្មករដែលបានគ្រោះថ្នាក់ចរាចរណ៍នូវទឹកប្រាក់ចំនួន២៥ម៉ឺនរៀលផងដែរ សរុបទាំងអស់ស្មើ៨៥ម៉ឺនរៀល។
ក្រុមការងារបានពាំនាំនូវការសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់លោកប្រធាន NACC ចំពោះលោកប្រធានសហព័ន្ឋទាំង២រូប ទោះបីយើងនៅក្រុមផ្សេងគ្នាក៏ដោយ តែយើងនៅក្រោមឆ័ត្រតែ១ ដូចនេះយើងរក្សាសេចក្តីនឹករលឹកនិងជួយគ្នាគ្រប់កាលៈទេសៈ ។
លោក នូ សំណាង ប្រធានសហព័ន្ធសហជីពប្រជាធិបតេយ្យកម្ពុជា និងលោក ហង្ស ចំរើន ប្រធានសហព័ន្ធសហជីពចម្រើនកម្មករ បានថ្លែងអំណរគុណដល់ក្រុមការងារ និង លោកប្រធានសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា-NACC ដែលបានអញ្ជើញមកសួរសុខទុក្ខដល់គេហដ្ឋាន និងយកចិត្តទុកដាក់ជួយឧបត្ថម្ភដល់យើងខ្ញុំ ៕