Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ឯម ច័ន្ទមករា៖ មានជន​ពិការធ្លាប់​បានទំនាក់ទំនង​ដោយផ្ទាល់​ជាមួយ​សម្តេចតេជោ​ ហ៊ុន សែន តាម​ហ្វេសបុក​

21-12-2016 17:47

(កំពត)៖ ជនពិការកម្ពុជាមិនត្រឹមតែ មានសិទ្ធិបញ្ចេញមតិជាសាធារណៈនោះទេ ថែមទាំងធ្វើការទំនាក់ទំនងដោយផ្ទាល់ជាមួយសម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រី តាម Facebook ទៀតផង។

ការថ្លែងបែបនេះត្រូវបានធ្វើឡើងក្នុងឱកាស ដែលលោក ឯម ច័ន្ទមករា ចូលរួមជាអធិបតីជាមួយលោក ចាន់ ចេស្តា អភិបាលខេត្តកំពត និងជាប្រធានកិត្តិយស ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពត និងលោកស្រី វ៉ាន់ហ៊ី លី ប្រធានការិយាល័យឧត្តមស្នងការ សហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅកម្ពុជា ក្នុងវគ្គបណ្តុះបណ្តាលស្តីពីអនុសញ្ញាសិទ្ធិជនពិការ ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារឌីយ៉ាម៉ង់ ខេត្តកំពត នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦។

អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានថ្លែងបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា តែងបានយកចិត្តទុកដាក់ខ្ពស់ លើសុខុមាលភាពជនពិការ ទោះនៅទីក្រុង ឬនៅជនបទ ជាក់ស្តែងយោធពិការរាប់រយគ្រួសារកំពុងអាស្រ័យផលលើដី ដែលរាជរដ្ឋាភិបាលបានប្រគល់ជូន នៅតាកែនកោះស្លា ខេត្តកំពត និងនៅតាមបណ្តាខេត្តផ្សេងៗទៀត។

ក្រៅពីនេះជនពិការរស់នៅក្នុងខេត្តកំពត ក៏ទទួលបានការយកចិត្តទុកដាក់ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់រួម ទាំងការបង្កលក្ខណៈងាយស្រួលនានា ដល់បងប្អូនជនពិការ ដើម្បីមានឱកាសកសាងជីវភាពគ្រួសារឲ្យមានភាពប្រសើរឡើង។ លោក ឯម ច័ន្ទមករា ថា ជនពិការកម្ពុជាបច្ចុប្បន្នមានស្ថានភាពខុសពីជនពិការសម័យមុនៗ ព្រោះជនពិការទទួលបានការសិក្សាខ្ពស់រហូតដល់កម្រិតឧត្តមសិក្សា ចេះប្រើប្រាស់ទូរស័ព្ទទំនើបទាន់សម័យបច្ចេកវិទ្យា ជាក់ស្តែងជនពិការធ្លាប់ទំនាក់ទំនង ទៅសម្តេចតេជោនាយករដ្ឋមន្ត្រី ដោយផ្ទាល់ ដែលប្រការនេះគឺចាត់ទុកថា សិទ្ធិរបស់ជនពិការ ត្រូវបានទទួលស្គាល់ដោយថ្នាក់ដឹកនាំកំពូលរបស់ប្រទេស និងជាលទ្ធផលជាក់ស្តែង នៃការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការនៅកម្ពុជា។

អគ្គលេខាធិការរូបនេះ បានថ្លែងបែបចំអកថា ជនពិការកម្ពុជាទទួលបានផលប្រយោជន៍ ដូចសព្វថ្ងៃហើយ ប៉ុន្តែនៅមានជនអគតិមួយចំនួននៅតែលើកឡើងថា ជនពិការនៅតែគ្មានឱកាសចូលរួមកិច្ចការសង្គមទោះ បីជាជនពិការនោះមានសមត្ថភាពក្តី។ លោកថា ក្រុមប្រឹក្សាសកម្មភាពជនពិការនៅថ្នាក់រាជធានី-ខេត្ត ទាំង២៥ មានជនពិការជាតំណាងមានឋានៈជាអនុប្រធាន និងមួយចំនួនទៀតជាសមាជិក ឯនៅថ្នាក់ជាតិក៏មានជនពិការជាតំណាង មានសិទ្ធិផ្តល់យោបល់ ក្នុងការរៀបចំគោលនយោបាយ និងលិខិតបទដ្ឋានគតិយុទ្ធនានា ដើម្បីផលប្រយោជន៍ជនពិការទូទាំងប្រទេស។

លោកបន្ថែមថា អ្នកថានិងអ្នកធ្វើតែងមានភាពខុសគ្នា បើទោះបីជាយ៉ាងនេះក្តី លោក ឯម ច័ន្ទមករា បានអំពាវនាវដល់ បណ្តាដៃគូពាក់ព័ន្ធទាំងអស់ឲ្យចេះ ធ្វើការសហការគ្នា ដើម្បីឲ្យជនពិការទទួលបានផលប្រយោជន៍ពិតប្រាកដ។ គួរបញ្ញាក់ផងដែរថា បច្ចុប្បន្ននេះមានជនពិការប្រមាណ២៥៧៦នាក់កំពុងធ្វើការ នៅតាមក្រសួងស្ថាប័ន និងជនពិការប្រមាណ២០៧២នាក់ កំពុងធ្វើការក្នុងវិស័យឯកជន៕