(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងវៀតណាម បានឯកភាពគ្នា ឲ្យស្ថាប័ន្ធពាក់ព័ន្ធមួយចំនួន កែសម្រួលយន្ដការមួយចំនួន ដើម្បីធ្វើយ៉ាងណាជំរុញកំណើនទំហំពាណិជ្ជកម្ម ទ្វេភាគីឲ្យសម្រេចបានដល់ ៥ពាន់លានដុល្លារអាមេរិក នៅបណ្ដាឆ្នាំខាងមុខ។
ការឯកភាពគ្នានេះធ្វើឡើង ក្នុងកំឡុងពេលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអញ្ជើញធ្វើទស្សនកិច្ចរយៈពេល២ថ្ងៃ នៅប្រទេសវៀតណាម ដោយបានជួបពិភាក្សាការងារទ្វេភាគី ជាមួយនាយករដ្ឋមន្ដ្រីវៀតណាម លោក ង្វៀន សូនហ៊្វុក នេះបើយោងតាមសេចក្ដីថ្លែងការណ៍ រួមរបស់កម្ពុជា-វៀតណាម ដែលចេញផ្សាយដោយក្រសួងការបរទេសកម្ពុជា នៅរសៀលថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០១៦នេះ។
ជាមួយគ្នានេះដែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានអញ្ជើញនាយករដ្ឋមន្ដ្រីវៀតណាម មកចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ស្ដីពីអាស៊ានលើកទី១៦ ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០១៧ ខាងមុខនេះ។ លើសពីនេះសម្ដេចក៏អញ្ជើញលោក នាយករដ្ឋមន្ដ្រី វៀតណាមកមបំពេញទស្សនកិច្ចជាផ្លូវការ នៅកម្ពុជាផងដែរ។ ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រីវៀតណាម ទទួលការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន៕