(ភ្នំពេញ)៖ ស្រាបៀរកម្ពុជា សម្រេចបញ្ជូនរថយន្តសម្អាតផ្លូវធុនធ្ងន់ ដែលមានលទ្ធភាព បោស លាងសម្អាត និងបូមធូលីសើម ចំនួនពីរគ្រឿងពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ ដើម្បីសម្អាតផ្លូវក្នុងខេត្ត ត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរណ៍មកកម្សាន្តក្នុងពិធីបុណ្យសមុទ្រ។
រថយន្តសម្អាតផ្លូវរបស់ ស្រាបៀរកម្ពុជាម៉ាក ISUZU ពណ៌ក្រហម ដែលមានពាក្យស្លោកថា «ទីក្រុងស្អាត សុខភាពល្អ» ត្រូវចេញដំណើរពី រាជធានីភ្នំពេញនៅថ្ងៃទី២១ ហើយចាប់ផ្តើមសម្អាតផ្លូវ នៅក្នុងខេត្តព្រះសីហនុរហូតដល់ថ្ងៃទី២៦ ខែធ្នូ។ រថយន្តនេះគ្រោងនឹងសម្អាតផ្លូវចំនួនបីខ្សែរួមមាន ផ្លូវ២ធ្នូ ផ្លូវអូរឈើទាលលេខ៥០០ និងផ្លូវឯករាជ្យលេខ១០០ ដោយសម្អាតផ្លូវចំនួនពីរខ្សែរក្នុងមួយថ្ងៃ។
លោកឧកញ៉ា លាង ឃុន ប្រធានអគ្គនាយកក្រុមហ៊ុនខ្មែរប្រ៊ូវើរី លីមីតធីតដែលផលិត ស្រាបៀរកម្ពុជា បានមានប្រសាសន៍ថា «ទីក្រុងស្អាត គឺជាកត្តាសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ ដូច្នេះខ្ញុំសង្ឃឹមថា ការរួមចំណែករបស់ក្រុមហ៊ុន នឹងជួយលើកសម្រស់ របស់ខេត្តព្រះសីហនុមួយកម្រិតទៀត ដើម្បីទាក់ទាញ និងស្វាគមន៍ភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករក្នុង ពិធីបុណ្យសមុទ្រខាងមុខនេះ។»
ដើម្បីចូលរួមលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ពិសេសការប្រារព្ធពិធីបុណ្យសមុទ្រលើកទី៥នៅខេត្តព្រះសីហនុ ក្រៅពីសហការណ៍ ជាមួយក្រសួងបរិស្ថាន និងអជ្ញាធរខេត្តព្រះសីហនុ ជួយសម្អាតផ្លូវក្នុងខេត្ត ស្រាបៀរកម្ពុជាក៏បានសហការណ៍ជាមួយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សាងសង់ខ្លោងឆ្នេរចំនួនប្រាំមួយ និងសហការណ៍ជាមួយក្រសួងទេសចរណ៍ ឧបត្ថម្ភធំក្នុងការរៀបចំពិធីបុណ្យសមុទ្រនេះដែរ៕