(ភ្នំពេញ)៖ រដ្ឋមន្រ្ដីក្រសួងបរិស្ថាន លោក សាយ សំអាល់ នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦នេះ បានថ្លែងបញ្ជាក់ថា ក្រសួងបរិស្ថានបានកំណត់ និងដាក់ចេញនូវយុទ្ធសាស្រ្ដសំខាន់ៗចំនួន៤ ដើម្បីអភិរក្ស និងអភិវឌ្ឍ ធនធានធម្មជាតិ និងបរិស្ថាននៅកម្ពុជា។
ការថ្លែងរបស់លោក រដ្ឋមន្រ្ដី សាយ សំអាល់ ធ្វើឡើងនៅក្នុងឱកាសដែល លោកអញ្ជើញក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផល ការងារឆ្នាំ ២០១៦ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៧ ដែររៀបចំឡើងនៅទីស្ដីការក្រសួងបរិស្ថាន ក្រោមអធិបតីភាពលោក ឧបនាយករដ្ឋមន្រ្ដីប្រចាំការ ប៊ិន ឈិន។
លោក សាយ សំអាល់ បានថ្លែងយ៉ាងដូច្នេះថា «ក្រសួងបរិស្ថាន បានកំណត់គោលដៅជាយុទ្ធសាស្រ្ដចំនួន៤គឺ ការធ្វើទំនើបកម្មស្ថាប័ន កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ និងការរស់នៅដោយចីរភាព មកធ្វើជាមូលដ្ឋានគ្រឹះ ដើម្បីតម្រង់ទិសដល់ការរៀបចំ គោលនយោលបាយផែនការយុទ្ធសាស្រ្ដ និងផែនការសកម្មភាព សម្រាប់វិស័យបរិស្ថាន និងធនធានធម្មជាតិ សំដៅធានាឲ្យបាននូវតុល្យាភាពរវាង ការអភិរក្ស និងអភិវឌ្ឍន៍ស្របតាមផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជាតិ និងគោលដៅអភិវឌ្ឍន៍ដោយចីរភាព»។
ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្ដីក៏បានលើកឡើង ពីសមិទ្ធិផលនានាពាក់ព័ន្ធយុទ្ធសាស្រ្ដទាំង៤ខាងលើ ដែរក្រសួងខិតខំសម្រេចបាន គិតត្រឹមចុងខែធ្នូ ឆ្នាំ២០១៦នេះ។
ជាមួយសមិទ្ធផល ដែលសម្រេចបានគួរជាទីមោទនៈនេះ លោក រដ្ឋមន្រ្ដី សាយ សំអាល់ បានអះអាងថា គឺកើតចេញពី ការប្ដេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងបំពេញ ភារកិច្ចរបស់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដែរឆ្លុះបញ្ចាំងឲ្យឃើញនៅស្មារតីទទួលខុសត្រូវ និងភាពជាម្ចាស់លើកិច្ចការ ដ៏សំខាន់ទាំងនេះ។ ទោះជាយ៉ាងណាលទ្ធផលការងារទាំងនេះ មិនអាចសម្រេចបានដោយគ្មាន ការចូលរួមសហការ ពីសំណាក់ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ អង្កភាពជុំវិញខេត្ត ដៃគូរអភិវឌ្ឍន៍ អង្កការសង្គមស៊ីវិល វិស័យឯកជន និងប្រជាសហគមន៍មូលដ្ឋាន។
សូមជម្រាបថា សន្ដិបាតបូកសរុបការងារបរិស្ថាន ឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧ រៀបចំឡើងរយៈពេល៣ថ្ងៃ ដោយចាប់ពីថ្ងៃទី ២១ដល់២៣ ខែធ្នូ ឆ្នាំ២០១៦៕