(កំពត)៖ លោក ចាន់ ចេស្តា អភិបាលខេត្តកំពត បានលើកឡើងនៅក្នុងវគ្គបណ្តុះបណ្តាល «អនុសញ្ញាស្តីពីសិទ្ធិជនពិការ»ឲ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ គឺជាកាលនុវត្តភាពថ្មីមួយទៀតសម្រាប់ ក្រុមប្រឹក្សាសកម្មភាពជនពិការ ក្នុងការពង្រីកចំណេះដឹងឲ្យក្លាយទៅជាអ្នកអនុវត្តប្រកបដោយវិជ្ជាជីវៈ ដើម្បីមានលទ្ធភាព ធ្វើការផ្សព្វផ្សាយ និងចែករំលែកបទពិសោធន៍បន្តទាក់ទង នឹងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិជនពិការ សំដៅលើការលើកកម្ពស់ការយល់ដឹង និងជំរុញការចូលរួមអនុវត្តអនុសញ្ញានេះ ឲ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងទិសដៅចម្បង គឺបម្រើផលប្រយោជន៍សម្រាប់បងប្អូនជនពិការ។
លោក ចាន់ ចេស្តា អភិបាលខេត្តកំពត បានលើកឡើងខណៈលោក ចូលរួមនៅក្នុង វគ្គបណ្តុះបណ្តាល«អនុសញ្ញាស្តីពីសិទ្ធិជនពិការ» រៀបចំធ្វើនៅសណ្ឋាគារឌីយ៉ាម៉ង់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ នៅខេត្តកំពត។
បន្ថែមពីលើនេះ នៅក្នុងវគ្គបណ្តុះបណ្តាល «អនុសញ្ញាស្តីពីសិទ្ធិជនពិការ» មានការចូលរួមពី លោក ឯម ច័ន្ទមករា អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាព ជនពិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រួមនឹងមន្រ្តីរាជការពាក់ព័ន្ធជាច្រើនរូបទៀត។
លោក ចាន់ ចេស្តា បន្តថា វគ្គបណ្តុះបណ្តាល«អនុសញ្ញាស្តីពីសិទ្ធិជនពិការ» នឹងផ្តល់ឲ្យសិក្ខាកាមទាំងអស់ទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត លើអត្ថន័យខ្លឹមសារ ដែលមានចែងនៅក្នុងអនុសញ្ញាស្តីពីសិទ្ធិជនពិការ តាមរយៈបទឧទ្ទេសនាម និងការពន្យល់របស់វាគ្មិន។
គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាល«អនុសញ្ញាស្តីពីសិទ្ធិជនពិការ»ខាងលើនេះ មានរយៈពេល៣ថ្ងៃ ដោយមានការសហការជាមួយ ការិយាល័យឧត្តមស្នងការអង្គការ សហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា និងក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពត៕