(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានចេញនូវសេចក្ដីណែនាំមួយ ដើម្បីពង្រឹងការគ្រប់គ្រងសកម្មភាព អាជីវកម្មលោហធាតុ ត្បូងថ្មមានតម្លៃ ជាគ្រឿងអលង្ការ និងវត្ថុអនុស្សាវីយ៍ ឲ្យម្ចាស់អាជីកម្មទាំងអស់ គោរពក្រមសីលធម៌ លក់ផលិតសុទ្ធឲ្យអតិថិជន។
ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ របស់ម្ចាស់អាជីវកម្ម និងការពារផលប្រយោជន៍ ដល់អតិថិជនជាតិ និងអន្ដរជាតិ ក្នុងការលើកស្ទួយកិត្តិយសរបស់ជាតិ ព្រមទាំងទប់ស្កាត់ការលក់លោហធាតុ-ត្បូងថ្មមានតម្លៃជាគ្រឿងអលង្ការ និងវត្ថុអនុស្សាវរីយ៍ ក្លែងបន្លំ ក្រសួងបានធ្វើការណែនាំដូចជា៖
១៖ អាជីវករ ឬពាណិជ្ជករទាំងឡាយ ត្រូវប្រកាន់ភ្ជាប់នូវភាពសុចរិត ក្នុងការធ្វើសកម្មភាពអាជីវកម្ម លក់ដូរ ចែកចាយ និងផ្សព្វផ្សាយពាណិជ្ជកម្ម លោកហធាតុ-ត្បូងថ្មមានតម្លៃជាគ្រឿងអលង្ការ និងវត្ថុអនុស្សាវរីយ៍ ត្រូវផ្ដល់ព័ត៌មានពិតប្រាកដ ច្បាស់លាស់ពាក់ព័ន្ធនឹងទំនិញរបស់ខ្លួន ជូនអ្នកប្រើប្រាស់រួមទាំង ចេញវិក្ក័យបត្រតាមទម្រង់ប្រើប្រាស់ផ្លូវការ និងខ្លឹមសារជាក់លាក់។
២៖ អ្នកប្រើប្រាស់ត្រូវមានភាពសុចរិត ចំពោះការទិញទំនិញ ហើយមុននឹងទិញលោហធាតុ-ត្បូងថ្មមានតម្លៃ ជាគ្រឿងអលង្ការ និងវត្ថុអនុស្សាវរីយ៍ត្រូវពិនិត្យឲ្យបានច្បាស់លាស់ និងស្នើសុំវិក្ក័យបត្រទិញ-លក់ពីអាជីវករ។
៣៖ រាល់អាជីវករ ពាណិជ្ជករ ដែលប្រកបអាជីវកម្មលោហធាតុ-ត្បូងថ្មមានតម្លៃជាគ្រឿងអលង្ការ ត្រូវបិទស្លាកថ្លៃលើគ្រឿងអលង្ការត្បូងថ្មមានតម្លៃ និងវត្ថុអនុស្សាវរីយ៍។
៤៖ ការងារត្រួតពិនិត្រ និងបង្ក្រាបការក្លែងបន្លំ
* អគ្គនាយកដ្ឋានកាំកុងត្រូល ត្រូវចាត់មន្រ្ដីជំនាញចុះត្រួតពិនិត្យការដាក់តាំងលក់ ការចែកចាយលោហធាតុ-ត្បូងថ្ម មានតម្លៃជាគ្រឿងអលង្ការ និងវត្ថុអនុស្សាវរីយ៍តាមទីផ្សារ គ្រឹះស្ថានអាជីវកម្ម និងកន្លែងលក់ដូរ ដោយសហការជាមួយមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត។
* អគ្គនាយដ្ឋានកាំកុងត្រូ ត្រូវរៀបចំក្រុមមន្ដ្រីជំនាញ តាមដានឃ្លាំងពិនិត្យចំពោះបណ្ដាញផ្សព្វផ្សាយនានា ដែលផ្សាយពាណិជ្ជកម្មឃោសនាផលិតផល ទំនិញជាលោហធាតុ-ត្បូងថ្មមានតម្លៃជាគ្រឿងអលង្ការ និងវត្ថុអនុស្សាវរីយ៍ដើម្បីទប់ស្កាត់ និងបង្ក្រាបក្នុងករណីដែលមានការក្លែងបន្លំ។
* អគ្គនាយកដ្ឋានកាំកុងត្រូល ត្រូវរៀបចំយន្ដការទទួលដោះស្រាយបាតុភាព ឬបញ្ហាផ្សេងៗពីអ្នកប្រើប្រាស់តាមរយៈការបង្កើតប្រព័ន្ធទំនាក់ទំនង និងប្រអប់ទទួលព័ត៌មានពាក់ព័ន្ធនឹង ការប្ដឹងតវ៉ាពីអ្នកប្រើប្រាស់។
៥៖ អាជីវករ ពាណិជ្ជករទាំងឡាយណា ដែលផ្គត់ផ្គង់ចែកចាយ លក់ដូរ ឬផ្សាយពាណិជ្ជកម្ម លោហធាតុ-ត្បូងថ្មមានតម្លៃជាគ្រឿងអលង្ការ និងវត្ថុអនុស្សាវរីយ៍ដោយក្លែងបន្លំជូនអ្នកប្រើប្រាស់ ត្រូវបានចាត់ទុកថា បានប្រព្រឹត្តល្មើសនឹងមានត្រា ១៦ មាត្រា១៧ មាត្រា១៩ មាត្រា២០ ឬមាត្រាទី២១ ក្នុងជំពូកទី៤ ដែលត្រូវទទួលទណ្ឌកម្មដូចមានចែងមាត្រា ៦៣ មាត្រា៦៤ និងមាត្រា៦៤ ក្នុងជំពូក៧ នៃច្បាប់ស្ដីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផលទំនិញ និងសេវា និងបណ្ដាបទប្បញ្ញតិ្តពាក់ព័ន្ធជាធរមានផ្សេងទៀត៕