(ភ្នំពេញ)៖ ពិតជាអាណិតអាសូរខ្លាំងណាស់ ប្រជាពលរដ្ឋម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ខណៈជនរងគ្រោះ២នាក់ទៀត បានរងរបួស ដោយសារតែរថយន្តបែនដឹកដីរបស់ក្រុមហ៊ុន «Phern Sopha» បើកលឿន ហើយជ្រុលទៅបុកពួកគេ ដែលកំពុងធ្វើដំណើរបញ្ច្រាស់ទិសគ្នា។
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើងនៅល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ នៅត្រង់ចំណុចខាងជើងប៉ុស្ដិ៍នគរបាលស្វាយប៉ាក ប្រហែល១០០ម៉ែត្រ លើកំណាត់ផ្លូវជាតិលេខ៥ ក្នុងក្រុមទី២ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។
តែយ៉ាងណាក៏ដោយ រថយន្តបង្កនេះ ត្រូវកម្លាំងការិយាល័យនគរបាលចរាចរណ៍ក្រុងសហការជាមួយនគរបាលមូលដ្ឋាន ឃាត់បានភ្លាមៗ។
លោកអនុសេនីយ៍ទោ ហ៊ឹម គឹមសាន្ដ នាយនគរបាលប៉ុស្ដិ៍ស្វាយប៉ាក បានបញ្ជាក់ថា អ្នកបើកបររថយន្តឈ្មោះ ភឿន សុផា អាយុ២២ឆ្នាំ មុខរបរបើកបររថយន្ដ ស្នាក់នៅភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ចំណែកជនរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិត និង២នាក់ទៀតរងរបួសធ្ងន់ស្រាល មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ។
លោកនាយប៉ុស្ដិ៍ដដែលបានបញ្ជាក់ទៀតថា គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយនេះ បង្កឡើងដោយរថយន្តបែនដឹកដីរបស់ក្រុមហ៊ុន Phern Sopha ១គ្រឿងម៉ាកនីសាន់ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ0243 បានបុកជាមួយ និងម៉ូតូ១គ្រឿង ទៀតម៉ាក Next ពណ៌ផ្កាឈូក ពាក់ស្លាកលេខភ្នំពេញ 1GD-1259។
បើតាមសមត្ថកិច្ច គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កដោយរថយន្ដ ធ្វើដំណើរពីទិសដៅត្បូងទៅជើង យ៉ាងលឿន ហើយរេចង្កូតទៅខាងឆ្វេងដៃ ទើបជ្រុលទៅបុកកៀរខ្ទាតប៉ើងបោក និងថ្នល់ ទាំងមនុស្ស និងម៉ូតូបណ្ដាលឲ្យស្លាប់ម្នាក់ភ្លាមៗ នៅកន្លែងព្រមទាំង២នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្ដសាម៊ុយដឹកយកទៅសង្គ្រោះ នៅឯមន្ទីរពេទ្យកាល់ម៉ែត្រ។
អ្នកបើករថយន្ដត្រូវកម្លាំងនគរបាលឃាត់ខ្លួនអ្នកបើកបរ និងរថយន្ត រួចហើយសម្រេចយកទាំងរថយន្ដបង្ក និងម៉ូតូរងគ្រោះបញ្ជូនទៅកាន់ការិយាល័យនគរបាលចរាចរណ៍ក្រុង ដើម្បីរង់ចាំការដោះស្រាយគ្នាតាមផ្លូវច្បាប់នៅពេលក្រោយ។ រីឯសពជនរងគ្រោះ ត្រូវប្រគល់ជូន ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕