(ស្វាយរៀង)៖ សាខាកាំកុងត្រូលខេត្តស្វាយរៀង និងមន្ទីរពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែ ធ្នូ ឆ្នាំ២០១៦ បានបន្តយុទ្ធនាការ ចុះអប់រំផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពម្ហូបអាហារ ជូនសិស្សនៅវិទ្យាល័យ ហ៊ុន សែន ចេក ដោយមានការចូលរួមពីសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ព្រមទាំងគណៈគ្រប់គ្រងសាលាសរុបជាង៦០០នាក់។
លោក ណាល់ វិចិត្រ ប្រធានសាខាកាំកុងត្រូល ខេត្តស្វាយរៀង បានថ្លែងថា ការផ្សព្វផ្សាយនូវចំណេះដឹងជាមូលដ្ឋានអំពី «សុវត្ថិភាពម្ហូបអាហារ» នៅពេលនេះ មានសារសំខាន់ចាំបាច់ណាស់ក្នុងសង្គម និងជីវភាពប្រចាំថ្ងៃ គឺធ្វើឡើងស្របគ្នានឹងការកំណត់យក «សុវត្ថិភាពចំណីអាហារ» ជាអាទិភាពទី១ សំរាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រទេសជាតិរបស់រាជរដ្ឋាភិបាល ក៏ដូចជាយុទ្ធសាស្ត្របញ្ជ្រាប ចំណេះដឹងអំពី «សុវត្ថិភាពចំណីអាហារ» ទូទាំង២៥ រាជធានី-ខេត្ត ក្រុង ដែលដាក់ចេញដោយអគ្គនាយកដ្ឋានកាំកុងត្រូល។
លោកបានបន្តទៀតថា មានមតិជាច្រើនយល់ថា ការទទួលខុសត្រូវលើ «សុវត្ថិភាពម្ហូបអាហារ» គឺជាការទទួលខុសត្រូវទាំងស្រុង របស់ស្ថាប័នជំនាញ។ ផ្ទុយទៅវិញ វាជាការទទួលខុសត្រូវរួមគ្នា ទាំងអ្នកនាំចួល ទាំងអ្នកផលិត ទាំងអ្នកចែកចាយ រួមទាំងយើងទាំងអស់គ្នាជាអ្នកប្រើប្រាស់ផងដែរ។
កត្តាដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដែលកើតមានក្នុងចំណីអាហារ និងធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់មានជាអាទិ៍ដូចជា៖ ពពួកអតិសុខុមប្រាណ, សារធាតុគីមីខុសច្បាប់ដែលលបលួចដាក់ក្នុងចំណីអាហារ, សំណល់ថ្នាំ ឬសារធាតុគីមីដែលនៅសល់ ក្នុងសាច់សាច់ បន្លែ ផ្លែឈើ, សារធាតុពុលពីធម្មជាតិ, អង្គធាតុជារូបវ័ន្តមួយចំនួន។
ដោយឡែក លក្ខខណ្ឌមួយចំនួនទៀត ដែលធ្វើឲ្យបាក់តេរីលូតលាស់ក្នុងចំណីអាហារ និងបង្កបញ្ហាដល់សុខភាព មានដូចជា៖ កំរិត PH, សំណើម, សីត្ហភាព, ពេលវេលា, អុកស៊ីហ្សែន ជាដើម។ ដូច្នេះមានកត្តាជាច្រើនដែលធ្វើឲ្យម្ហូបអាហារបាត់បង់សុវត្ថិភាព ដែលក្នុងនោះរួម បញ្ចូលទាំង កត្តាមនុស្ស ខ្លួនយើង ដែលជាអ្នកប្រើប្រាស់ផង។ ចុងបញ្ចប់នៃកម្មវិធី ក៏មានការឆ្លើយនូវសំណួរពាក់ព័ន្ធ ទៅនឹងម្ហូបអាហារផងដែរ៕