(ភ្នំពេញ)៖ លោក ហារី ហ័ររិណូឈិ ឯកអគ្គរាជទូតជប៉ុនថ្មី ប្រចាំនៅកម្ពុជា បានសម្ដែងនូវការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែង របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហើយសង្ឃឹមថា ការបោះឆ្នោតនៅឆ្នាំ២០១៧ និងការបោះឆ្នោតឆ្នាំ២០១៨ ខាងមុខនេះ ទទួលបានលទ្ធផលល្អប្រសើរ។
ការថ្លែងបែបនេះ ត្រូវបានធ្វើឡើង ក្នុងជំនួបសម្ដែងការគួរសមជាមួយថ្នាក់ដឹកនាំ គ.ជ.ប ដឹកនាំដោយលោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦។
ក្នុងសេចក្ដីប្រកាសព័ត៌មានផ្លូវការ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី២១ ខែធ្នូនេះ បញ្ជាក់ថា លោកឯកអគ្គរាជទូតជប៉ុនថ្មី ពេញចិត្តនឹងលទ្ធផល បណ្ដោះអាសន្ន នៃការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦ ដែលទើបតែបញ្ចប់។
លោកឯកអគ្គរាជទូត ក៏បានពិនិត្យឃើញថា គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ក៏បានសាទរចំពោះលទ្ធផល នៃការចុះឈ្មោះបោះឆ្នោតនេះដែរ។ ជាងនេះទៅទៀត ឯកអគ្គរាជទូតជប៉ុន សង្ឃឹមថា ការបោះឆ្នោតនៅឆ្នាំ២០១៧ និងការបោះឆ្នោតនៅឆ្នាំ២០១៨ខាងមុខនេះ ពិតជាទទួលបានលទ្ធផលល្អប្រសើរ។
ជាមួយគ្នានោះ លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប បានរំលឹកថា កន្លងមក គ.ជ.ប តែងតែបើកចំហរឲ្យមានការជួបប្រជុំ ជាមួយភាគីពាក់ព័ន្ធជាប្រចាំ ជាពិសេសជួបប្រជុំរវាងអ្នកបច្ចេកទេស គ.ជ.ប ជាមួយក្រុមការងារជប៉ុន សហភាពអឺរ៉ុប អង្គការ UNOP និងអង្គការ JICA មួយខែម្ដង និងជួបប្រជុំជាមួយ ឯកអគ្គរាជទូតជប៉ុន និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបពីរខែម្ដងផងដែរ៕