(ភ្នំពេញ)៖ ទឹកប្រាក់ចំនួន៦០០០ដុល្លារ ដែលប្រមូលបានមកពីការរៀបចំព្រឹត្តិការណ៍ជូបជុំ របស់បងប្អូនអាណិកជនខ្មែរ ដែលរស់នៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី ត្រូវបានប្រគល់ឲ្យមន្ទីរពេទ្យគន្ធបុប្ផា នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦នេះ។
ការបរិច្ចាគថវិកាទាំងនេះជូនមន្ទីរពេទ្យគន្ធបុប្ផា គឺជាការចូលរួមចំណែកជួយកុមារកម្ពុជា នៅគ្រប់ទិសទី ដែលត្រូវការសង្គ្រោះ និងព្យាបាលរាប់សិបនាក់ក្នុងមួយថ្ងៃៗ។
ក្នុងអំឡុងពេលនាំយកថវិកាផ្តល់ជូនមន្ទីរពេទ្យគន្ធបុប្ផានេះ លោកឧកញ៉ា ឡាក់ រ៉ាវុធ ប្រធានក្រុមការយុវជនប្រចាំទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី ដែលបានរៀបចំការកម្មវិធី ជួបជុំនេះឡើង បានឲ្យដឹងថា «ទឹកប្រាក់ចំនួន២៥០០ដុល្លារ គឺជាការប្រមូលបានក្នុងព្រឹត្តិការណ៍បាយសាមគ្គី បងប្អូនប្រជាពលរដ្ឋខ្មែរនាពេលកន្លងមក»។
នៅក្នុងឱកាសនាំយកថវិការនេះ លោក ឈឹម សារ៉េត អនុប្រធានក្រុមការងារ រៀបចំអង្គការ ចាត់តាំងយុវជនប្រចាំទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី បានបញ្ជាក់ថា នេះជាថរិកា ដែលចេញពីទឹកចិត្តបងប្អូន អាណិកជនខ្មែរ ដែលរស់នៅនៅទីនោះ និងបន្ថែមដោយក្រុមការងារយុវជន រៀបចំអង្គការ ចាត់តាំងយុវជន ប្រចាំទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី តាមរយៈការចូលរូមវិភាគទាន ដើម្បីគោលបំណង សប្បុរសធម៌ ក្នុងឱកាសលោកប្រធានហ៊ុន ម៉ាណែត អញ្ជើញទៅទស្សនកិច្ចកាលពីថ្ងៃ៧ ខែតុលា ឆ្នាំ២០១៦ នៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី៕