(ភ្នំពេញ)៖ ក្រោយមានការស្នើសុំឲ្យ ស្ថានទូតអន្តរាគមន៍ កាលពីពេលថ្មីៗនេះ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានរៀបចំមាតុភូមិនិវត្តន៍ របស់ពលករ-ពលការិនីខ្មែរចំនួន២នាក់ ឲ្យវិលត្រលប់មកកម្ពុជាវិញ នៅថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០១៦។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦នេះ។
យោងតាមសេចក្តីជូនដំណឹងដដែលបានបញ្ជាក់ឲ្យដឹងថា ពលករទី១ ឈ្មោះ ស.ម អាយុ៣៦ឆ្នាំ មកពីស្រុកឆ្លូង ខេត្តក្រចេះ បានចាញ់បោក មេខ្យល់ ទៅធ្វើការនៅរោងចក្រអារឈើក្នុងប្រទេសម៉ាឡេស៊ី កាលពីខែមិថុនា ឆ្នាំ២០១៦។ ដោយធ្វើការលំបាក គាត់បានទៅស្ថានទូតនៅថ្ងៃទី២២ ខែវិច្ឆិកា ស្នើសុំជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។ ស្ថានទូតបានចេញលិខិតធ្វើដំណើរជូន ហើយអង្គការអន្តរជាតិទេសន្តប្រវេសន៍(IOM) ឧបត្ថម្ភសំបុត្រយន្តហោះក្រោមកិច្ចសម្របសម្រួលរបស់ស្ថានទូត។ ពលករ ស.ម នឹងមកដល់ព្រលាន យន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ១៧:៣០នាទី តាមជើងយន្តហោះ MH762 ។
ចំណែកពលការិនីទី២ ឈ្មោះ យ.អ អាយុ២៦ឆ្នាំ មកពីស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានទៅម៉ាឡេស៊ីធ្វើការជាអ្នកបោសសំអាត ពីខែមករា ឆ្នាំ២០១៥ តាមរយៈក្រុមហ៊ុនមួយនៅកម្ពុជា។ ដោយធ្វើការលំបាក នាងបានទៅស្ថានទូតនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្នើសុំស្ថានទូត ទាមទារប្រាក់ខែដែលនៅសល់ និងជួយឲ្យបានត្រឡប់មកកម្ពុជា។
ក្រោមកិច្ចអន្តរាគមន៍របស់ស្ថានទូត នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ និយោជករបស់ពលការិនី បានយល់ព្រមប្រគល់ប្រាក់ខែដែលនៅសល់ លិខិតឆ្លងដែន និងសំបុត្រយន្តហោះ ដល់នាង។ពលការិនី យ.អ នឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ០៧:៥០នាទីព្រឹក តាមជើងយន្តហោះ AK536 ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស បានបន្ថែមឲ្យដឹងថា ក្នុងអំឡុងពេលរង់ចាំត្រឡប់មកកម្ពុជាស្ថានទូតបាន ផ្តល់កន្លែងស្នាក់នៅ និងអាហារបរិភោគ ជូនដល់អ្នកទាំងពីរផងដែរ៕