(ប៉េកាំង)៖ រដ្ឋាភិបាលចិននៅថ្ងៃពុធនេះ បានបង្ហាញការស្វាគមន៍ ចំពោះការសម្រេចចិត្ត របស់ប្រទេស Sao Tome and Principe ក្នុងការកាត់ផ្តាច់ទំនាក់ទនងការទូតជាមួយនឹងកោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិន CCTV News នៅមុននេះបន្តិច នារសៀលថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០១៦។
អ្នកនាំពាក្យនៃក្រសួងការបរទេសចិនលោកស្រី Hua Chunying បានថ្លែងយ៉ាងដូច្នេះថា «យើងបានកត់ សម្គាល់ឃើញថា សាធារណរដ្ឋប្រជាធិបតេយ្យ Sao Tome and Principe បានចេញសេចក្តីប្រកាសកាលពីថ្ងៃទី២០ ខែធ្នូ (ពេលវេលានៅក្នុងតំបន់) ស្តីពីការកាត់ផ្តាច់ចំណងការទូតជាមួយនឹងកោះតៃវ៉ាន់» ហើយបានបន្ថែមថាប្រទេសចិនសូមធ្វើការកោតសសើរ ចំពោះការសម្រេចចិត្ត ដ៏ប្រសើនេះ និងបានស្វាគមន៍ប្រទេសដីកោះនៅតំបន់អាហ្រ្វិកខាងលិចមួយនេះ ដែលបានវិលត្រឡប់មកដើរលើផ្លូវត្រវលើគោល នយោបាយចិនតែមួយវិញ»។
គួរបញ្ជាក់ថាសាធារណរដ្ឋប្រជាធិបតេយ្យ Sao Tome and Principe មានប្រជាជនចំនួនត្រឹម ១៩៣,០០០នាក់ គឺជាប្រទេសនៅទ្វីប អាហ្វ្រិក ដែលមានទំហំដីតូចជាងគេលំដាប់លេខពីរបន្ទាប់ពីរប្រទេស Seychelles ហើយវាត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៧៥ ក្រោយពេលទទួលបានឯករាជ្យពេញបរិបូណ៍ពីប្រទេសព័រទុយហ្គាល់។
សាធារណរដ្ឋប្រជាធិបតេយ្យ Sao Tome and Principe បានបង្កើតចំណងការទូតជាមួយប្រទេសចិននៅខែកក្កដា ឆ្នាំ១៩៧៥ ហើយរដ្ឋាភិបាលទីក្រុងប៉េកាំង បានកាត់ចំណងការទូតនេះចោលវិញកាលពីឆ្នាំ១៩៩៧ បន្ទាប់ពីប្រទេសដីកោះមួយនេះបានប្រកាស កសាងទំនាក់ទំនងការទូតជាមួយកោះតៃវ៉ាន់៕