(ត្បូងឃ្មុំ)៖ ដើម្បីធានាសុខមាលភាព ជូនប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ លោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូល ខេត្តត្បូងឃ្មុំ ដឹកនាំមន្ត្រីកាំកុងត្រូលខេត្ត ធ្វើការសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានចុះធ្វើការត្រួតពិនិត្យគុណភាពទំនិញ ដែលអាជីវករលក់ដូរ នៅផ្សារជីមាន់ ស្ថិតនៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
លោក មាស មោរ៉ា បានឲ្យដឹងថា គោលបំណងនៃការចុះអង្កេតនេះ ដោយផ្អែកទៅលើការណែនាំ របស់អគ្គនាយកដ្ឋានកាំកុងត្រូល ជាពិសេសអនុសាសន៍របស់ លោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកដ្ឋានកាំកុងត្រូល បានណែនាំដល់មន្ត្រីកាំកុងត្រូល គ្រប់សាខាទាំងអស់ទូទាំងប្រទេសឲ្យធ្វើការ ត្រួតពិនិត្យទំនិញជាផលិតផលម្ហូបអារហារ តាមទីផ្សារជាប្រចាំ ដើម្បីធានាសុខភាពប្រជាពលរដ្ឋ ជាអ្នកប្រើប្រាស់។
លោកប្រធានសាខាកាំកុងត្រូលខេត្តត្បូងឃ្មុំ បានឲ្យដឹងទៀតថា ជាលទ្ធផលក្នុងការចុះអង្កេតនោះ មន្ត្រីកាំកុងត្រូលបានធ្វើការត្រួតពិនិត្យឃើញ និងដកហូតទំនិញជាគ្រឿងឧបភោគ និងបរិភោគ ហួសកាលបរិច្ឆេទ នៃការប្រើប្រាស់ សំបកកំប៉ោង កំពិត និងពុំមានស្លាកសញ្ញា លើសំបកវេចខ្ចប់ត្រឹមត្រូវ មានដូចជាទឹកក្រូចទឹកផ្លែឈើ ចាហ៊ួយដូង នំ និងអាហារកំប៉ុង បានចំនួន០៥មុខ ស្មើនឹង៥២កំប៉ុង/កញ្ចប់ គិតជាទំងន់ស្មើនឹង២៧.៥គីឡូក្រាម ដើម្បីយកទៅកំទេចចោល ព្រមទាំងបានធ្វើការអប់រំ ក៍ដូចជាណែនាំដល់អាជីវករ អោយដាក់តាំងលក់ទំនិញដែលមានគុណភាពល្អ មានស្លាកសញ្ញាត្រឹមត្រូវ និងហាមដាច់ខាត ទំនិញដែលគ្មានកាលបរិច្ឆេទច្បាស់លាល់ ជាពិសេសហួសកាលបរិច្ឆេទប្រើប្រាស់ ដែលខុសបទបញ្ញតិនៃច្បាប់៕