(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងដឹកនាំគណៈប្រតិភូត្រឡប់ពីប្រទេសវៀតណាម វិលមកកម្ពុជាវិញ នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦នេះ។
ការវិលត្រលប់នាពេលនេះ ធ្វើឡើងក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដឹកនាំគណៈប្រតិភូកម្ពុជាមួយចំនួន បំពេញទស្សនកិច្ចប្រទេសវៀតណាមរយៈពេល២ថ្ងៃ ពោលគឺនៅថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០១៦នេះ។
ក្នុងដំណើរទស្សនកិច្ចនេះសន្ធិសញ្ញា និងកិច្ចព្រមព្រៀងចំនួន៣ បានចុះហត្ថលេខារវាងកម្ពុជា និងវៀតណាម។សន្ធិសញ្ញា និងកិច្ចព្រមព្រៀងនោះរួមមាន៖ សន្ធិសញ្ញាស្តីពីការផ្ទេរអ្នកទោស, សន្ធិសញ្ញាស្តីពីជំនួយទៅវិញទៅមកផ្នែកច្បាប់ព្រហ្មទណ្ឌ និងកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងធម្មការ សាសនា និងគណៈកម្មាធិការជនជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
សម្តេចតេជោ ហ៊ុន សែន ក៏ជួបសំណេះសំណាលការងារទ្វេភាគី ជាមួយនាយករដ្ឋមន្រ្តីវៀតណាម ហើយក៏ជួបសម្តែងការគួរសម និងសំណេះសំណាលជាមួយ លោក ង្វៀន ហ៊្វូ ជុង អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម, លោក ត្រាន់ ដាយ ក្វាង ប្រធានាធិបតីវៀតណាម និងលោកស្រី ង្វៀន ធីគឹម ងិន ប្រធានរដ្ឋសភាវៀតណាម និងទទួលជួបសម្តែងការគួរសមពីសមាគមមិត្តភាពកម្ពុជា-វៀតណាម ថ្នាក់ដឹកនាំក្រុងហូជីមិញ និងអតីតយុទ្ធជនវៀតណាមជាដើម។
សូមបញ្ជាក់ថា គណៈប្រតិភូដែលអមដំណើរសម្តេចតេជោ ហ៊ុន សែន ទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមរយៈពេលពីរថ្ងៃនេះ រួមមាន៖ ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ, ទេសរដ្ឋមន្រ្តីប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស, លោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា, លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍជនបទ, លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម, លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសមាជិករាជរដ្ឋាភិបាលមួយចំនួនទៀត៕