(ភ្នំពេញ)៖ ភាពយន្តខ្នាតធំថ្មីមួយទៀត របស់ផលិតកម្ម «មហាហង្ស» មានចំណងជើងថា «សួស្ដីលោកគ្រូកំឡោះ» បានបើកសម្ពោធបញ្ចាំងជាផ្លូវការហើយ នាល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦នេះ នៅរោងភាពយន្ត Legend ផ្សារស្ទឹងមានជ័យ ក្រោមវត្តមានតារាសម្ដែងល្បីៗជាច្រើនដួងចូលរួម ខណៈផលិតក ក៏ដូចជាចាងហ្វាងផលិតកម្ម បានបង្ហាញជំហថា នឹងបង្កើនការផលិតរឿងខ្នាតធំនេះ បន្ថែមទៀតឲ្យបានកាន់តែច្រើន នៅក្នុងឆ្នាំ២០១៧ ខាងមុខនេះ ដើម្បីប្រកួតប្រជែងឲ្យខ្លាំងក្លា និងឆ្លើយតបតាមតម្រូវការទីផ្សារភាពយន្ត ក្នុងប្រទេសកម្ពុជា។
លោក អ៉ិន សុភិន ជាផលិតករ និងជាចាងហ្វាងផលិតកម្ម «មហាហង្ស» បានថ្លែងឲ្យដឹងថា នៅក្នុងឆ្នាំ២០១៦នេះ ផលិតកម្ម បានបង្កើតការផលិតភាពយន្តខ្នាតធំ ដាក់បញ្ចាំងលើទីផ្សារ បានប្រមាណជាជិត១០រឿង ដែលភាពយន្តភាពច្រើន សុទ្ធសឹងតែទទួលបានការគាំទ្រខ្លាំង ដូចជារឿង «៣០ថ្ងៃ, បណ្ដឹងស្រីទាំង៥, ស៊ុបពើម៉ាំ, ព្យុះជីវិតចិត្តអ្នកលេង, អ្នកនាងម្ចាស់ឡឺកឺ, ខ្មោចទឹក, បំភ្លេចមិនបាន» និង រឿងចុងក្រោយនេះ «សួស្ដីលោកគ្រូកំឡោះ» ក៏រំពឹងថា នឹងមានការគាំទ្រខ្លាំងក្លា មិនចាញ់រឿងមុនៗ ដែលបានផលិត និងដាក់បញ្ចាំងរួចមកហើយដែរ។
លោកបន្តទៀតថា យ៉ាងណាមិញ នៅក្នុងឆ្នាំ២០១៧ ខាងមុខនេះ ផលិតកម្ម មហាហង្ស បានដាក់ចេញនូវគោលដៅ ផលិតភាពយន្ត ទាំងរឿងដុំ និងរឿងភាគ ឲ្យបានច្រើនជាងនេះបន្ថែមទៀត ដែលយ៉ាងហោចណាស់ក៏១០ រឿងដែរ ដើម្បីបម្រើដល់ទីផ្សារភាពយន្តក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស ខណៈដែលរឿងមួយចំនួន របស់ផលិតកម្ម មហាហង្ស កំពុងតែត្រូវបានពិចារណាយកទៅបញ្ចាំង នៅក្រៅប្រទេស។
ពេលមានសំណួរថា ប្រសិនបើផលិតកម្ម មហាហង្ស ផលិតរឿងច្រើនបែបនេះ ដើម្បីបង្កើនបរិមាណ តើផលិតកម្ម មានបានគិតគូ ដល់គុណភាពរបស់ភាពយន្តទាំងនេះដែរឬទេ ?
ចំណុចនេះ ត្រូវបានលោក អ៉ិន សុភិន បញ្ជាក់យ៉ាងច្បាស់ថា អ្វីដែលផលិតកម្ម មហាហង្ស ប្រកាន់ខ្ជាប់ជាងគេពេលផលិតកុនម្ដងៗ គឺគុណភាពនេះហើយ ដែលស្ថិតក្នុងគោលការណ៍ធំៗទាំង៤ត្រូវអនុវត្ត។ ផលិតកម្ម បានសម្រិតសម្រាំងឡើង តាំងពីការជ្រើសរើសតួសម្ដែង បច្ចេកទេស ទីតាំងថត ប្លង់ថត កាមេរ៉ា ជាពិសេសគឺផលិតកម្ម មានស្ទូឌីយោថត ដោយខ្លួនឯង ដែលពោរពេញដោយបច្ចេកវិទ្យាទំនើប អាចឲ្យគុណភាពនៃភាពយន្តនីមួយៗ មានស្ដង់ដារអាចទទួលយកបាន។
ដោយឡែករឿង «សួស្ដីលោកគ្រូកំឡោះ» ក៏នឹងត្រៀមខ្លួនចូលរួមប្រកួតប្រជែងកម្មវិធី មហោស្រពភាពយន្តប្រចាំឆ្នាំ២០១៧ ខាងមុខនេះ បន្ទាប់ពីរឿងនេះត្រូវបានដាក់បញ្ចាំងជាផ្លូវការ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ខាងមុខនេះ។ នេះជាការបង្ហាញមហិច្ឆតាថ្មីមួយទៀត របស់ផលិតកម្មមហាហង្ស ក្រោយពីទទួលបានជោគជ័យជាបន្តបន្ទាប់ ក្នុងការផលិតរឿង ទាំងរឿងភាគ និងរឿងដុំ ដាក់បញ្ចាំងនៅក្នុងទីផ្សារភាពយន្តខ្មែរ។
លោក អ៉ិន សុភិន បានថ្លែងប្រាប់ឲ្យដឹងទៀតថា រឿង «សួស្ដីលោកគ្រូកំឡោះ» នឹងត្រៀមដាក់ចូលប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍មហោស្រព ភាពយន្តនាឆ្នាំក្រោយនេះ (ឆ្នាំ២០១៧) ពីព្រោះរឿងនេះ លោកបានសម្រិតសម្រាំងឡើង យ៉ាងយកចិត្តទុកដាក់ជាទីបំផុត ដើម្បីឲ្យមានគុណភាពខ្លាំងជាងរឿងមុនៗ។
រឿង «សួស្ដីលោកគ្រូកំឡោះ» ជាប្រភេទរឿងកំប្លែង កាច់កុងឌឺដង និងមនោសញ្ចេតនា ជាពិសេសគឺផ្ដោតសំខាន់លើការអប់រំច្រើន ហើយតួសម្ដែងក៏សុទ្ធតែ កំពុងមានទីផ្សារគាំទ្រខ្លាំង ពីសំណាក់ទស្សនិកជន។ ចំពោះមូលហេតុដែលលោក សម្រេចចិត្តជ្រើសរើសយករឿង «សួស្ដីលោកគ្រូកំឡោះ» ដើម្បីចូលរួមប្រកួតប្រជែង ក្នុងមហោស្រពភាពយន្ត ព្រោះតែរឿងនេះ មានសាច់រឿងល្អជាងមុន និងមានការអប់រំច្រើន ក្នុងសង្គមរស់នៅរបស់សិស្សានុសិស្ស ជាពិសេសការសិក្សារបស់យុវវ័យ ហើយក៏ប្រមូលផ្ដុំដោយអ្នកដឹកនាំ និងនិពន្ធមានស្នាដៃល្អៗ ទើបជាហេតុលោកសម្រេចបែបនេះ។
សូមបញ្ជាក់ថា រឿង «សួស្ដីលោកគ្រូកំឡោះ» មានវត្តមានតារាសម្ដែងល្បីៗ ជាច្រើនទៀតដូចជា អ្នកនាង សុខ សោម៉ាវត្តី, លោក ជា សុវណ្ណនរាហ៍, អ្នកនាង ខ្ញុង, កញ្ញា នីឡា, កញ្ញា ម៉ៅ គឹមធីតា, លោក ងួន សុបិន, លោក អូន ឧស្សាហ៍, លោក លឹម រដ្ឋា, កញ្ញា ផាន់ ផាផួង, កញ្ញា យ៉ែម ស្រីពេជ្រ, លោក ផាត់ គង់, លោក ស្រេង វណ្ណ ព្រមទាំងតារាកិត្តិយស ជាច្រើនដួងទៀត៕