(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ដាក់អនុសាសន៍ណែនាំដល់ក្រុមការងារ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ចុះជួសជុលស្ពាន និងផ្លូវមួយចំនួនដែលខូចខាតដោយសារទឹកជំនន់ ក្នុងឃុំក្រាំដីវ៉ាយ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីដោះស្រាយបញ្ហាឲ្យបានទាន់ពេលវេលា ជូនប្រជាពលរដ្ឋមូលដ្ឋាន។

ការណែនាំជាបន្ទាន់ដូចនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីលោកអភិបាលខេត្ត បានដឹកនាំក្រុមការងារជំនាញ និងមន្រ្តីក្រោមឱវាទ ចុះពិនិត្យស្ថានភាពផ្លូវ និងស្ពាន ដែលរងខូចខាតទាំងនោះ នៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ ម្សិលមិញ។

បន្ទាប់ពីទទួបានអនុសាសន៍ពីលោកអភិបាលខេត្ត វ៉ី សំណាង រួចមក នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦នេះ ក្រុមការងារមន្ទីរសាធារណការខេត្តកំពង់ស្ពឺ ដឹកនាំដោយលោក ហុង ចាន់សុខា បានចល័តគ្រឿងចក្រ និងដឹកលូមួយចំនួន ចុះដល់គោលដៅចំនួន ២ក្រុម ដើម្បីបើកប្រតិបត្តិការ ធ្វើការតភ្ជាប់ផ្លូវដែងរងការខូចខាតទាំងនោះ ជូនប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ឡើងវិញ៕