(ភ្នំពេញ)៖ ប្រតិបត្តិការចុះត្រួតពិនិត្យ និងឆែកឆេរ ភ្លុកដំរី កន្ទុយ ​ឆ្អឹងខ្លា និងស្រកាពង្រូលក្នុងក្រុមហ៊ុន «អយស្ម័យយានរ៉ូយ៉ាល់ផែស្ងួតភ្នំពេញ»​​ ត្រូវបានបញ្ចប់​នៅថ្ងៃត្រង់ទី​២១ ខែធ្នូ ឆ្នាំ២០១៦នេះ ជាលទ្ធផល បានរកឃើញភ្លុកដំរី ​ចំនួន​៦៤០ដុំ ស្មើរនឹង​ទម្ងន់ ១,៣៦១.៩​គីឡូក្រាម ស្រការពង្រួល ​ទម្ងន់​១៣៧.៦​គីឡូក្រាម  ឆ្អឹងខ្លា ​ទម្ងន់​៨២.៣​គីឡូក្រាម និង​កន្ទុយដំរី ទម្ងន់​៤.៩គីឡូក្រាម សរុប​ទាំងអស់ ទម្ងន់១,៥៨៦.៧​គីឡូក្រាម។

សូមបញ្ជាក់ថា កម្លាំងសមត្ថកិច្ចចម្រុះ​ បានធ្វើការបង្ក្រាប ភ្លុកដំរីឆ្អឹងខ្លា ស្រការពង្រួល និងកន្ទុយដំរី ដែលឈ្មួញបង្កប់នៅក្នុងឈើហ៊ុប ​បម្រុងនាំចេញទៅកាន់ប្រទេសចិន ប្រមាណ​៣ដុំ នៅសៀលថ្ងៃទី១៧ ខែធ្នូឆ្នាំ២០១៦ នៅក្នុងចំណុច​ក្រុមហ៊ុន «អយស្ម័យយានរ៉ូយ៉ាល់ផែស្ងួតភ្នំពេញ» ដែលមានទីតាំងនៅតាមបណ្តោយផ្លូវបេតុង ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​។

ករណីនេះ គឺខាងកម្លាំងគយ ជាអ្នកម្ចាស់ករណី ដោយមានការសហការណ៍ពីកម្លាំងសមត្ថកិច្ចរដ្ឋបាលព្រៃឈើ និងអង្គការ «វ៉ាយ អេត» តំណាងស្ថានទូតអាមេរិកកាំង កម្លាំងកាំកុងត្រូល អាវុធហត្ថលើផ្ទៃប្រទេស អាជ្ញាធរមូលដ្ឋាន ធ្វើការបង្ក្រាបបាន ភ្លុកដំរី ឆ្អឹងខ្លា ស្រការពង្រួល និងកន្ទុយដំរី ដែលឈ្មួញបង្កប់នៅក្នុងឈើហ៊ុបបម្រុងនាំទៅកាន់ប្រទេសចិន ប្រមាណ​៣ដុំ​។

ភ្លុកដំរី ឆ្អឹងខ្លា ស្រការពង្រួល និងកន្ទុយដំរីទាំងនេះ ត្រូវបានជនល្មើស លួចបង្កប់នៅក្នុងឈើហ៊ុប ចំនួន៣ដុំ ដោយឈើហ៊ុប នីមួយៗ ដែលបង្កប់វត្ថុតាងទាំងនេះ មានមុខកាត់ កន្លះម៉ែត្រ បួនជ្រុង និងមានប្រវែងពី ២ ម៉ែត្រ ទៅ៣ម៉ែត្រ ហើយត្រូវបានឈ្មួញចុះរន្ធឈើចំពាក់កណ្តាលបង្កប់នៅក្នុងនោះ ដោយមានចាក់ទៀនផ្សារភ្ជាប់ ដែលមានសណ្ថានដូចក្តារម្ឈូស។

ឈើហ៊ុបទាំងនេះ មិនមែនមានតែ​៣ដុំ ប៉ុណ្ណោះនោះទេ គឺមានឈើជាច្រើនទៀត ដឹកជញ្ជូនចេញពីទ្វីបអាហ្វ្រិច ដាក់ក្នុងកុងទីន័រដឹកតាមកប៉ាល់ ចូលមកកាន់ផែកំពង់សោម រួចដឹកជញ្ជូនបន្តតាមរទេះភ្លើង មកស្តុកទុកនៅក្នុងចំណុចក្រុមហ៊ុន «អយស្ម័យយាន រ៉ូយ៉ាល់ផែស្ងួតភ្នំពេញ» ដែលមានទីតាំងនៅតាមបណ្តោយផ្លូវបេតុង ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ សម្រាប់ការនាំចេញទៅកាន់ប្រទេសចិនបន្តទៀត​។ ប៉ុន្តែការនាំចេញទៅកាន់ប្រទេសចិននេះ មិនបានដូចបំណងនោះទេ គឺត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ ស្រាវជ្រាវឃើញវត្ថុតាងទាំងនេះ កាក់ជាប់ ដើម្បីចាត់ការតាមនីតិវិធី​៕