(កំពត)៖ ពិតជាព្រៃផ្សៃណាស់ បុរសម្នាក់ បានចាប់រំលោភសេពសន្ទវៈ លើកូនស្រីបង្កើតខ្លួនឯង សម្រេចជាបន្តបន្ទាប់រហូតទៅដល់០៣ដង នៅស្រុកកំពង់ត្រាច ខេត្តកំពត តែជននេះត្រូវកម្លាំងនគរបាលចាប់ខ្លួន ហើយបញ្ជូនទៅតុលាការ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦នេះ។
មន្ត្រីនគរបាលព្រហ្មទណ្ឌខេត្ត បានប្រាប់ឲ្យដឹងថា ស្ត្រីជាប្រពន្ធរបស់ជនល្មើស បានដឹកដៃកូនស្រីរបស់ខ្លួនដែលទើបតែមានអាយុ៨ឆ្នាំ មកប៉ុស្តិ៍នគរបាលមូលដ្ឋាន នៃស្រុកកំពង់ត្រាច ដើម្បីដាក់ពាក្យបណ្ដឹង ប្តឹងប្តីរបស់ខ្លួនថា បានចាប់រំលោភកូនស្រីបង្កើត បានសម្រេចជាញឹកញាប់។
ក្រោយមានពាក្យបណ្តឹង កម្លាំងនគរបាលបានធ្វើការស្រាវជ្រាវ រហូតឈានទៅដល់ការចាប់ខ្លួន ជនសង្ស័យតែម្តង។
ជនសង្ស័យជាឪពុកចិត្តតិរច្ឆាន ឈ្មោះ ឯម លោម អាយុ៣១ឆ្នាំ ត្រូវបាន ចាប់ខ្លួនកាលពីរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦។ចំណែកកូនស្រីរងគ្រោះ ឈ្មោះ ភ.ឡ អាយុ៨ឆ្នាំ។គ្រួសារនេះរស់នៅភូមិព្រែកក្រឺស ឃុំព្រែកក្រឺស ស្រុកកំពង់ត្រាច ខេត្តកំពត។
មន្ត្រីនគរបាលដដែល បានឲ្យដឹងទៀតថា ម្តាយរបស់ក្មេងស្រីរងគ្រោះ បានដឹកដៃកូនស្រីមកដល់ប៉ុស្តិ៍ ប្តឹងប្តីខ្លួនឯងថា បានចាប់រំលោភកូនស្រីបង្កើត សមត្ថកិច្ចក៏នាំក្មេងស្រីរងគ្រោះទៅឲ្យពេទ្យពិនិត្យទ្វារមាសឃើញថា ពិតជាបានប៉ះនឹងវត្ថុរឹងពិតប្រាកដមែន ។
ម្យ៉ាងទៀតក្មេងស្រីរងគ្រោះបានប្រាប់ឲ្យដឹងថា នាងពិតជាត្រូវឪពុកចិត្តតិរច្ឆានចាប់រំលោភញឹកញាប់ពិតប្រាកដមែន ភ្លាមៗនោះសមត្ថកិច្ចក៏នាំគ្នាទៅចាប់ខ្លួនជនសង្ស័យជាឪពុកយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលមូលដ្ឋាន។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជាឪពុកចិត្តតិរច្ឆានបានសារភាពថា ខ្លួនពិតជាបានចាប់រំលោភកូនស្រីរបស់ខ្លួនចំនួន៣ដងពិតប្រាកដមែន ខណៈប្រពន្ធមិននៅផ្ទះ។
បច្ចុប្បន្នជនសង្ស័យជាឪពុកចិត្តតិរច្ឆានខាងលើនេះ ក្រោយឃាត់ខ្លួនបានភ្លាម ក៏នាំមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿង អនុវត្តតាមនីតិវិធីច្បាប់ ៕