(តាកែវ)៖ រដ្ឋបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦នេះ បានចាប់ផ្ដើមបើកការដ្ឋាន សាងសង់អគារសាលប្រជុំមួយមានកម្ពស់ ២ជាន់ ដែលអាចផ្ទុកមនុស្សបានលើស ពី៥០០នាក់ ក្រោមអធិបតីភាព លោក អ៊ុន វណ្ណា អភិបាលរងខេត្ត និងជាតំណាងរបស់លោក អភិបាលខេត្ត ឡាយ វណ្ណៈ។

លោកអភិបាលរងខេត្ត អ៊ុន វណ្ណា បានឲ្យដឹងថា ការសាងសង់អគារសាលប្រជុំក្នុងរដ្ឋបាលខេត្តតាកែវនេះ ធ្វើឡើងស្ថិតក្រោមជំនួយឧបត្ថម ពីគណៈកម្មាធិការបក្ស និងគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

លោក អ៊ុន វណ្ណា បានសម្ដែងនូវអំណរគុណ ចំពោះគណៈកម្មាធិការបក្ស និងគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង ដែលបានជួយ ឧបត្ថម ទាំងស្មារតី សម្ភារៈ និងការជួយសាងសង់ជួសជុលលំនៅដ្ឋាន របស់ប្រជាពលរដ្ឋខេត្តតាកែវ សាងសង់អគាររដ្ឋបាលស៊ីវិល ឃុំ ស្រុក និងអគារសម្រាប់កងកម្លាំងប្រដាប់អាវុធ ជាពិសេសបានផ្ដល់ថវិកា ជាង២០ម៉ឺនដុល្លារ សម្រាប់ជួយសាងសង់អគារសាលប្រជុំ របស់រដ្ឋបាលខេត្តតាកែវ នៅថ្ងៃនេះផងដែរ។

បើតាមលោកអភិបាលរងខេត្ត អគារសាលប្រជុំដែលមាន «រចនាបទខ្មែរ និងរៀបចំប្លង់ដោយកូនខ្មែរ» ដែលមានទទឹង ២១ម៉ែត្រ និងបណ្ដោយ ៣២ម៉ែត្រ មានកម្ពស់២ជាន់ អាចផ្ទុកអ្នកចូលរួមលើសពី ៥០០នាក់នេះ នឹងដំណើរការសាងសង់រយៈពេល៧ខែ ពោលគឺត្រូវសាងសង់ឲ្យហើយ ក្នុងខែមិថុនា ឆ្នាំ២០១៧ ខាងមុខ។

សូមរំលឹកថា កាលពីខែមករា ឆ្នាំ២០១៥ កន្លងទៅ ក្រោមការណែនាំរបស់លោកអភិបាលខេត្ត ឡាយ វណ្ណៈ មន្រ្តីក្នុងរដ្ឋបាលខេត្តតាកែវ បានធ្វើលិខិតជាផ្លូវការ ស្នើសុំជំនួយឧបត្ថមសាងសង់អគារសាលប្រជុំនេះ ទៅគណៈកម្មាធិការបក្ស និងគណៈកម្មាធិការប្រជាជន ខេត្តអាងយ៉ាង ហើយនៅក្នុងខែមិនា ឆ្នាំ២០១៦ នៅក្នុងឱកាសចូលរួមប្រជុំប្រចាំឆមាស នៅសាលាខេត្តតាកែវ លោក ង្វៀង ប៊ិញថាញ់ បានប្រកាសជួយ សាងសង់អគារសាលប្រជុំ ក្នុងរដ្ឋបាលខេត្តតាកែវនេះ តែម្ដង៕