(ព្រះសីហនុ)៖ លោក សួង ម៉េងឡុង អគ្គនាយក និងជាប្រធានក្រុម ប្រឹក្សាភិបាល មូលនិធិជនពិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងឱកាសចូលរួមជា អធិបតីភាពក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០១៦ និងទិសដៅអនុវត្តបន្ត របស់មូលនិធិជនពិការ បានក្រើនរំលឹកដល់មន្រ្តីមូលនិធិជនពិការ បន្តយកចិត្តទុកដាក់ និងបង្កើនប្រសិទ្ធភាពផ្តល់សេវា ជូនជនពិការ នៅទូទាំងប្រទេស។
លោក សួង ម៉េងឡុង អគ្គនាយក និងជាប្រធានក្រុម ប្រឹក្សាភិបាល មូលនិធិជនពិការ និងក្រុមការងាររបស់ក្រសួងសង្គមកិច្ចជា ច្រើននាក់ទៀត បានចូលរួមពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៦ និងទិសដៅអនុវត្តបន្តរបស់មូលនិធិជនពិការ នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ នៅខេត្តព្រះសីហនុ។
បន្ថែមពីលើនេះ លោក សួង ម៉េងឡុង ក៏បានបញ្ជាក់ឲ្យដឹងថា បើទោះបីជាការងាររបស់មន្រ្តីពាក់ព័ន្ធនៅក្នុងក្រសួងសង្គមកិច្ចបាន សហការគ្នា ដោយយកចិត្តទុកដាក់កន្លងមកក៏ដោយ ប៉ុន្តែមន្រ្តីទាំងអស់ ត្រូវតែបន្តសកម្មភាពល្អបែបនេះ បន្ថែមទៀតដើម្បីពង្រឹងការងារជួយជនពិការបន្តទៀត។
លោក សួង ម៉េងឡុង បានបន្តថា កន្លងមក រាជរដ្ឋាភិបាល និងក្រសួងក៏បានកោតសរសើរចំពោះក្រុមការងារមូលនិធិជនពិការ និង បានទទួលស្គាល់ពីប្រសិទ្ធភាពការងារនេះរួចមកហើយ។
មន្រ្តីជនខ្ពស់ក្រសួងសង្គមកិច្ចដដែលបានបញ្ជាក់ថា «ក្រុមការងារ មូលនិធិជនពិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបំពេញការងារ របស់ខ្លួន ជាបន្តបន្ទាប់ ក្នុងការផ្តល់សេវាជួយជនពិការ ការផ្តល់ជើងសិប្បនិមិ្មតដល់ជនពិការដោយឥតគិតថ្លៃ តាមរយៈអង្គភាពរដ្ឋ ដោយមានមូលនិធិជនពិការជាសេនាធិការឲ្យក្រសួង ហើយក្នុងនាមក្រុមប្រឹក្សាភិបាលនេះដែរ យើងក៏ចង់ឲ្យសេវានេះបានទូលាយទូទាំងប្រទេសកម្ពុជា។កន្លងមក យើងបានផ្តល់សេវានេះ បានជាង២ម៉ឺនរួចមកហើយ រាប់ទាំងការផ្តល់ជូនឧបករណ៍ ថ្លៃធ្វើដំណើរ និងស្នាក់នៅ ហូបចុក ជាបន្ទុក របស់មូលនិធិផ្តល់ជូន»។
លោក សួង ម៉េងឡុង បានបន្តថា សេវាកម្មផ្តល់ ជើងសិប្បនិមិ្មតដល់ជនពិការដោយឥតគិតថ្លៃនេះ គឺផ្តល់ជូនដល់ ប្រជាពលរដ្ឋ ទូទៅ មិនមែនតែលើមន្រ្តីរាជការនោះទេ។
គួរបញ្ជាក់ថា មូលនិធិជនពិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលបានផ្តល់សេវាជូនជនពិការ ដោយ ឥតគិតថ្លៃ បានទទួលថវិកាពីរដ្ឋ និងដៃគូរមួយចំនួនទៀតផងដែរ៕