(ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦នេះ តុលាការក្រុងភ្នំពេញ បានប្រកាសសាលក្រម លើសំណុំរឿងនិស្សិតម្នាក់ ចាក់សម្លាប់មន្ត្រីយោធាស្រីម្នាក់ នៅសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក។ សាលក្រមនេះ បានសម្រេចផ្តន្ទាទោស និស្សិតខាងលើ ឱ្យជាប់ពន្ធនាគារមួយជីវិត និងសងជំងឺចិត្ត៨០លានរៀល។
ការប្រកាសសាលក្រមនេះ ត្រូវបានធ្វើឡើងដោយ លោក ជា សុខចាន់ដេត ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ។ ជនជាប់ចោទមានឈ្មោះ ម៉ី គឹមហេង ហៅដំ អាយុ២១ឆ្នាំ ។ ចំណែកជនរងគ្រោះមានឈ្មោះ មោះ លី ដាវី ភេទស្រី អាយុ៣៦ឆ្នាំ នៅមុខផ្ទះវីង លេខ១២ ផ្លូវ ២១៩ សង្កាត់ដេប៉ូ១ ខណ្ឌទួលគោក។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង១០៖១៥នាទីព្រឹក ឈ្មោះ ម៉ី គឹមហេង ហៅដំ អាយុ២១ឆ្នាំ បានប្រព្រឹត្តអំពើឃាតកម្មគិតទុកជាមុន ដោយបានយកកាំបិតចុងស្រួចចាក់ជាច្រើនកាំបិត សម្លាប់ស្ដ្រីឈ្មោះ លី ដាវី អាយុ៣៦ឆ្នាំ នៅមុខផ្ទះវីង លេខ១២ ផ្លូវ ២១៩ សង្កាត់ដេប៉ូ១ ខណ្ឌទួលគោក។
ក្រោយកើតមានអំពើឃាតកម្ម សមត្ថកិច្ចបានចាប់ខ្លួនឈ្មោះ ម៉ី គឹមហេង ហើយជនដៃដល់បានសារភាពថា ខ្លួនគេពិតជាបានសម្លាប់ ជនរងគ្រោះមែន ដោយសារតែកាលពី២ថ្ងៃ មុនមកដល់ថ្ងៃកើតហេតុ ជនរងគ្រោះស្អប់ខ្ពើមរូបគេជាខ្លាំង ពេលឃើញមុខគ្នាជនរងគ្រោះ ស្ដោះទឹកមាត់ ងាកមុខចេញសម្ដែងនូវការមិនពេញចិត្ត ហើយការស្អប់ខ្ពើមនោះ បានធ្វើឲ្យរូបគេមានគំនុំក្នុងចិត្ត ជាខ្លាំងចង់សម្លាប់ ជនរងគ្រោះឲ្យបាត់រូបពីផែនដីនេះ។
លុះដល់វេលាម៉ោង២១៖៣០នាទីយប់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០១៦ ខ្លួនចង់សម្លាប់ជនរងគ្រោះម្ដងរួចទៅហើយ តែគ្មានឱកាសហើយក៏ ចូលទៅដេកទៅ។ លុះដល់ព្រឹកថ្ងៃទី២១ មិថុនា ខ្លួនគេបានអង្គុយអានសៀវភៅនៅមុខផ្ទះរង់ចាំមើល ជនរងគ្រោះចេញពីផ្ទះព្រោះជាទម្លាប់ ជនរងគ្រោះតែងតែ ទៅផ្សារតែម្នាក់ឯង ដោយពេលនោះ ខ្លួនគេស្លៀកពាក់រង់ចាំរួចជាស្រេច រហូតដល់ម៉ោង៩៖៤០នាទីព្រឹក ក៏ឮសូរបើកទ្វារ ហើយជនរងគ្រោះបានទៅផ្សារតែម្នាក់ឯងមែន។
ពេលនោះរូបគេក៏ទៅផ្ទះបាយ យកកូនកាំបិតចុងស្រួចដង ដាក់ក្នុងហោប៉ៅខោស្ដាំ ឡើងជិះម៉ូតូ តាមពីក្រោយជនរងគ្រោះមកបត់នៅ ផ្លូវលេខ១៥៦ ចាំស្ទាក់ជនរងគ្រោះ ភ្លាមនោះ ជនរងគ្រោះបានដើរមកដល់មុខផ្ទះវេលុយវីង ខ្លួនគេក៏ឈប់ម៉ូតូដើរសំដៅទៅជនរងគ្រោះ ដកកាំបិតចាក់ជាច្រើនកាំបិត បណ្ដាលឲ្យជនរងគ្រោះដួលលើផ្លូវស្លាប់ភ្លាម ទើបខ្លួនគេបោះកាំបិតចោលក្បែរសព ហើយជិះម៉ូតូគេចខ្លួន បាត់ទៅ ហើយរំលងបានមួយថ្ងៃ ទើបសមត្ថកិច្ចចាប់បាន៕