(ប៊ែរឡាំង)៖ ប៉ូលិសអាល្លឺម៉ង់បានឱ្យដឹងថា បុរសជនជាតិប៉ាគីស្ថានម្នាក់ ដែលត្រូវបានចាប់ខ្លួនក្រោមបទសង្ស័យថា ជាអ្នកបើកបររថយន្ដកាមីញ៉ុងបំបុកហ្វូងមនុស្ស នៅឯផ្សារណូអ៊ែលមួយកន្លែង ក្នុងទីក្រុងប៊ែរឡាំង នៅល្ងាចថ្ងៃចន្ទសប្តាហ៍នេះ មិនមែនជាជនល្មើសពិតប្រាកដនោះទេ ហើយរូបគេក៏ត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញដែរ ខណៈក្រុម ISIS បានចេញមុខអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារ ដ៏អាក្រក់នេះ មិនខុសពីការរំពឹងទុករបស់អាជ្ញាធរនោះឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅព្រឹកថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០១៦។
ពាក់ព័ន្ធនឹងការវាយប្រហារនេះដែរ តាមរយៈការដកស្រង់ពាក្យសម្ដីដោយកាសែតអាល្លឺម៉ង Die Welt មន្ត្រីប៉ូលិសអាល្លឺម៉ង់ជាន់ខ្ពស់ម្នាក់បាននិយាយថា «យើងទំនងជាបានចាប់មនុស្សខុសហើយ ដូច្នេះស្ថានភាពអាចនឹងមានការវិវឌ្ឍត្បិតជនល្មើសពិតប្រាកដ នៅមិនទាន់ត្រូវបានចាប់ខ្លួននៅឡើយទេ ហើយដែលនេះអាចនឹងបង្កជាបំផ្លិចបំផ្លាញសាជាថ្មីម្ដងទៀត»។
ដោយឡែកក្រុម ISIS តាមរយៈប្រព័ន្ធផ្សព្វផ្សាយឈ្មោះ Amaq បានអះអាងថាអ្នកបើកបររថយន្ដកាមីញ៉ុងគឺជាសមាជិកនៃក្រុមសកម្មប្រយុទ្ធរបស់ខ្លួន ហើយថែមទាំងបញ្ជាក់ថាការវាយប្រហារនេះ ធ្វើឡើងដើម្បីជាការសងសឹងចំពោះបណ្ដាប្រទេស ដែលបានចូលរួមក្នុងក្រុមចំរុះអន្តរជាតិ ដឹកនាំដោយសហរដ្ឋអាមេរិក នៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់។
គួរបញ្ជាក់ថា មនុស្សយ៉ាងហោចណាស់ ១២នាក់បានស្លាប់ និង៤៨នាក់រងរបួស នៅក្នុងការវាយប្រហារដោយ ការបើករថយន្ដកាមីញ៉ុងបុកចូលហ្វូងមនុស្សម្នា នៅឯផ្សារណូអ៊ែលមួយកន្លែង ក្នុងទីក្រុងប៊ែរឡាំង៕