(ភ្នំពេញ)៖ សាស្ដ្រាចារ្យផ្នែកច្បាប់ ដែលកំពុងបង្រៀននិស្សិត និងសិស្សចៅក្រម នៅរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ លោក អ៉ិន បូផា បានបញ្ជាក់ពីសារៈសំខាន់របស់ សៀវភៅ «នីតិភស្ដុតាង» ដែលបានបោះពុម្ភលក់ នៅលើទីផ្សារកម្ពុជា នាពេលថ្មីៗនេះ។
លោកសាស្ដ្រចារ្យ អ៉ិន បូផា ដែលជាចៅក្រម នៅសាលាដំបូងខេត្តព្រៃវែងផងនោះ បានរៀបរាប់ប្រាប់ Fresh Newsថា គុណតម្លៃនៃសៀវភៅ «នីតិស្ដុតាង» នេះ ស្ថិតនៅលើខ្លឹមសាររបស់សៀវភៅ ដោយនេះជាលើកទី១ របស់កម្ពុជា ដែលមានទ្រឹស្ដីភស្ដុងតាង ដើម្បីជួយដល់ការវាយតម្លៃ របស់តុលាការពាក់ព័ន្ធ ទៅលើរឿងក្ដី។
លោកសាស្ដ្រាចារ្យបានបញ្ជាក់ទៀតថា លើសពីនេះសៀវភៅដែលទើបបោះពុម្ភ ២ពាន់ច្បាប់ថ្មីនេះ នឹងជួយដល់សិស្សនិស្សិត ដែលសិក្សាផ្នែកនីតិសាស្រ្ដ ងាយស្រួលស្រាវជ្រាវ ក្នុងការសិក្សារបស់ខ្លួនបាន។
លោកបានបញ្ជាក់ថា «សៀវភៅនេះនឹងជួយដល់ចៅក្រម ព្រះរាជអាជ្ញា ក្នុងការវាយតម្លៃលើរឿងក្ដី ហើយអ្វីដែលពិសេសនោះសៀវភៅនេះ មានបញ្ចូលនូវទ្រឹស្ដីព្រះពុទ្ធិសាសនាផងដែរ»។
ជាមួយគ្នានេះលោកសាស្រ្ដាចារ្យ ក៏បានបង្ហាញនូវទស្សនៈរបស់ខ្លួនថា បើចង់សម្រេចក្ដី ឲ្យបានល្អតាមបែបវិទ្យាសាស្ដ្រានោះតុលាការ ត្រូវមានលក្ខណៈវិនិច្ឆ័យ ឲ្យបានច្បាស់លាស់ ចំពោះភស្ដុតាង ដែលជារបស់សំខាន់បំផុត។
សូមជម្រាបថា ដើម្បីចងក្រងនៅសៀវភៅ នីតិភស្ដុងតាងនេះលោកសាស្រ្ដាចារ្យ អ៉ិន បូផា បានចំណាយពេលវេលាប្រមាណ១៣ឆ្នាំ ពោលគឺចាប់ពីឆ្នាំ២០០៣មកម្ល៉េះ។
សៀវភៅ «នីតិភស្ដុតាង» ត្រូវបាន បោះពុម្ភដោយបណ្ណាគារភក្តីឡដ៏ (www.pheakdeylaw.com) និងចេញលក់លើទីផ្សារ នៅដើម ខែកញ្ញា ឆ្នាំ២០១៦ លោកអ្នកអាចរកជាវបាន នៅតាមបណ្ណាគារ និងតូបលក់សៀវភៅនានា ឬអាចទំនាក់ទំនងបានតាមលេខទូរស័ព្ទ 012751579៕