(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មិនមានបំណងបិទគណនីហ្វេសប៊ុក (Account Facebook) របស់ប្រជាពលរដ្ឋណាម្នាក់ឡើយ ខុសពីប្រទេសដទៃ ដែលរដ្ឋាភិបាលបានបិទគណនីហ្វេសប៊ុករបស់ប្រជាពលរដ្ឋខ្លួន អស់ជាបន្តបន្ទាប់។
ថ្លែងបែបនេះ ត្រូវបានធ្វើឡើងក្នុងពិធីសម្ពោធ និងចាក់បញ្ចាំងភាពយន្តឯកសារខ្លី នៃគម្រោង Project 3 រដូវកាលទី២ របស់ក្រុមនិស្សិតដេប៉ាតេម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារទូរគមនាគមន៍ (DMC) ជំនាន់ទី១៣ នាសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានការចូលរួមជាសហអធិបតីភាពពី លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងលោក ហ៊ុន ម៉ានី សមាជិករដ្ឋសភា និងជាប្រធានសហភាពសព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)។
លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានឲ្យដឹងថា «យើងអត់បានបិទ Facebook ណាមួយទេ បើដូចប្រទេសថៃគេបិទរាប់ម៉ឺន Account ហើយមានប្រទេសច្រើនទៀត រឿងរ៉ាវច្រើនណាស់នៅប្រទេសគេ ប៉ុន្តែយើង យើងទុកឯករាជ្យភាពនៃការបញ្ចេញមតិនោះ គឺយើងបើកទូលាយ»។
លោករដ្ឋមន្ត្រីក៏បានណែនាំឲ្យនិស្សិត ដែលសិក្សានៅក្នុងដេប៉ាតេម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារទូរគមនាគមន៍ ត្រូវខិតខំពង្រឹងការសិក្សាលើផ្នែកចំណេះដឹងទូទៅបន្ថែមទៀត ព្រោះពួកគេភាគច្រើន ផ្ដោតតែទៅលើបច្ចេកវិទ្យា ដែលចំណុចនេះ លោកបានបញ្ជាក់យ៉ាងច្បាស់ថា «អ្នកកាសែតចំណេះដឹងទូទៅ សំខាន់ណាស់ ដើម្បីវាស់ថា តើដំណឹងនោះត្រឹមត្រូវទេ ការវិភាគនោះត្រឹមត្រូវទេ គេឲ្យយោបល់មកត្រូវទេ ជារឿងសំខាន់»។
បញ្ហានេះ ត្រូវបានលោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានផ្ដល់អនុសាសន៍ថា និស្សិតទាំងអស់ត្រូវសិក្សាស្វែងយល់បន្ថែមខ្លួនឯង ឧស្សាហ៍អានអត្ថបទឲ្យបានច្រើន ពិសេសគឺចំណេះដឹងផ្សេងៗ ដើម្បីងាយស្រួល ក្នុងការចោះយកសម្ដីសំខាន់ៗពីអ្នកនិយាយ និងយកទៅផ្សព្វផ្សាយបន្តទៀត។
ទោះយ៉ាងណា លោករដ្ឋមន្រ្តីបានណែនាំដល់អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយនានា ពិសេសអ្នកប្រើគណនីហ្វេសប៊ុក គួរចេះប្រើប្រាស់មធ្យោបាយនេះ ឲ្យបានសមស្រប និងត្រឹមត្រូវតាមច្បាប់ តាមក្រមសីលធម៌សង្គម មិនត្រូវប្រើប្រាស់ធ្វើឲ្យបំពុលសង្គម និងខូចប្រយោជន៍អ្នកដទៃឡើយ៕