(ភ្នំពេញ)៖ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ លោក វ៉ាន់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងថា «ការប្រកួតកីឡាកងទ័ព គឺធ្វើឲ្យមហាជន និងកងទ័ពកាន់តែខិតជិតគ្នា កាន់តែយល់ពីគ្នា កាន់តែមានអារម្មណ៍គាំទ្រគ្នាទៅវិញទៅមក»។
លោក វ៉ាត់ ចំរើន បញ្ជាក់ក្នុងសិន្នសីទសារព័ត៌មាន នៅល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦នេះថា មូលហេតុដើម្បីបង្កើនភាពស្និតស្នាលនេះធ្វើឡើងតាមគំនិតផ្ដួចផ្ដើមរបស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការរងកងទ័ពជើងគោក និងជានាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ លោកបានឲ្យគណៈកម្មាធិការ អូឡាំពិកកម្ពុជា ចូលរួមសហការក្នុងការរៀបចំជាលក្ខណៈបច្ចេកទេសក្នុងការចុះឈ្មោះ។ លោកថា មួយវិញទៀតដើម្បីទាក់ទាញមហាជន ហើយប្រសិនបើកងទ័ព ជាអ្នកចុះឈ្មោះមហាជនយល់ឃើញថា ពិតជាពិបាកក្នុងការចុះឈ្មោះ។
ជាមួយគ្នានោះដែរ ឧត្តមសេនីយ៍ត្រី មាស សុភារិទ្ធ នាយរងការិយាល័យទី២ កងទ័ពជើងគោក និងជាប្រធានក្រុមការងារប្រតិបត្តិការកីឡា ក៏បានបញ្ជាក់ពីខ្លឹមសារ មួយចំនួន នៃការប្រកួតកីឡាកងយោធពលខេមរភូមិន្ទថា វិញ្ញាសារក្នុងការប្រកួតនេះមាន៣វិញ្ញាសារ ទី១៖រត់កម្មង់ដូរ៤គីឡូម៉ែត្រ ទី២៖សែងប្រង់ការ និងទី៣៖ ឆ្លងឧបសគ្គ ដែលបានរៀបចំនៅទីក្រុងកោះពេជ្រ សម្រាប់ឲ្យមហាជនដែលបានដាក់ពាក្យចូលរួមប្រឡង។
លោកឧត្តមសេនីយ៍បន្ថែមថា ការប្រកួតចែកជា២ប្រភេទ ទី១៖រត់៤គីឡូម៉ែត្រ សែងប្រង់ការ និងឆ្លងឧបសគ្គ ដែលការប្រកួតនេះមានអង្គភាពកងទ័ព អង្គភាពស៊ីវិល និងមហាជន, ប្រភេទទី២៖ សម្រាប់មហាជនទាំងស្រុង ដោយរត់កម្មង់ដូរ៣គីឡូម៉ែត្រ សែងប្រង់ការ១គីឡូម៉ែត្រ ទម្ងន់៥០គីឡូក្រាម ហើយឆ្លងឧបសគ្គ ដែលវិញ្ញាសារនេះកងទ័ពរៀបចំយ៉ាងពិសេសសម្រាប់មហាជន។
សូមបញ្ជាក់ថា គិតមកត្រឹមថ្ងៃនេះ ក្រុមមហាជនដែលបានចុះឈ្មោះ ចូលរួមប្រកួតបានចំនួន៥ក្រុមហើយ ក្នុងចំណោម៩ក្រុមដែលបានកំណត់ ហើយការចុះឈ្មោះនឹងត្រូវបិទបញ្ចប់ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ខាងមុខនេះ។ រីឯកាលវិភាគនៃការរៀបចំវិញ គឺនៅថ្ងៃទី៦ និងទី៧ ខែមករា ឆ្នាំ២០១៧ មានការតាំងពិពរណ៌កងទ័ព និងការតាំងពិពរណ៌ផលិតផលក្នុងប្រទេសកម្ពុជា ដែលមានស្ដង់ពី២០០ ទៅ៣០០ស្ដង់ និងមានការសម្ដែងក្បាច់គុណ ព្រមទាំងសិល្បៈកម្សាន្ដផ្សេងៗផងដែរ។ ដោយឡែកនៅថ្ងៃទី៨ ដែលជាថ្ងៃចុងក្រោយ គឺមានការប្រកួតកីឡាកងទ័ព ចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ ដោយមានការចូលរួមពី នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការយោធពលខេមរភូមិន្ទផងដែរ៕