(ភ្នំពេញ)៖ ស្រាបៀរកម្ពុជា ​​សហការ​ជាមួយ​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំ​ណង់ សាងសង់​ខ្លោង​​ឆ្នេរក្នុង​ខេត្ត​ព្រះ​សីហនុចំនួន​ប្រាំមួយ ដើម្បីត្រៀមស្វាគមន៍ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ ក្នុង​ពិធី​​បុណ្យ​សមុទ្រខាង​មុខ​នេះ។

ខ្លោង​ឆ្នេរ​​ដែល​ស្រាបៀរកម្ពុជា​ឧបត្ថម្ភការ​សាងសង់ រួម​មាន​ខ្លោង​ឆ្នេរ​អូរត្រេះ ខ្លោង​ឆ្នេរ​អូរឈើទាល​ច្រកទី២ ខ្លោង​ឆ្នេរ​អូរឈើទាល​ច្រកទី​៦ ខ្លោង​ឆ្នេរ​អូរឈើទាល​ច្រកទី​៧ ខ្លោង​ឆ្នេរកោះពស់ និង​ខ្លោង​ឆ្នេរ​ពយកំ​ពេញ។​

លោក​ឧកញ៉ា​ លាង​ ឃុន ប្រ​ធាន​អគ្គ​នាយក​ក្រុមហ៊ុន​ខ្មែរប្រ៊ូវើរី​លីមីតធីត ដែល​ផលិត​ស្រាបៀរកម្ពុជា​ បាន​មាន​​ប្រសាសន៍​ថា ខ្ញុំ​សង្ឃឹម​ថា​ខ្លោង​ឆ្នេរ​ ដែល​ក្រុមហ៊ុនបាន​​​ចូលរួមសហការ​​សាង​សង់​នេះ នឹង​ជួយ​លើក​សម្រស់​ឆ្នេរ​សមុទ្រកម្ពុជាឲ្យ​កាន់​តែស្រស់​ស្អាត និង​ជួយទាក់​ទាញ​ភ្ញៀវទេសចរណ៍​ឲ្យ​មកកម្សាន្ត​នៅ​ខេត្ត​ព្រះ​សីហនុ​ ជាពិសេស​ក្នុង​ពិធី​បុណ្យ​សមុទ្រ​ឲ្យ​បាន​ច្រើន​កុះ​ករ​។

ក្រៅពីស្វាគមន៍ពិធីបុណ្យសមុទ្រឆ្នាំនេះ ការចូលរួមសាងសង់ក្លោងឆ្នេរសមុទ្រ ក៏ជាការរួមចំណែកក្នុងកិច្ចប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ក្នុងការកែលម្អសោភ័ណភាពតំបន់ឆ្នេរផងដែរ។ ខ្លោងឆ្នេរជាច្រើនត្រូវបានកសាងនៅតាមតំបន់ឆ្នេរ ដោយមានការចូលរួមគាំទ្រពីស្ថាប័នឯកជនជាច្រើន ដែលនេះជាការបង្ហាញពីការចូលរួមយ៉ាងសកម្ម ពីវិស័យឯកជនក្នុងការអភិវឌ្ឍ តំបន់ឆ្នេរ។

ពិធី​បុណ្យ​សមុទ្រ​នឹង​ប្ររព្ធ​ឡើង​នៅ​ថ្ងៃទី​២៣ ដល់​ថ្ងៃទី​២៥ ខែ​ធ្នូ ខាង​មុខនេះ។ ក្រៅ​ពី​ចូលរួម​ជាមួយ​ក្រសួង​កសាង​ខ្លោង​ឆ្នេរ ស្រាបៀរកម្ពុជា​ក៏​ជា​អ្នក​ឧបត្ថម្ភ​ធំ​ក្នុង​ពិធី​បុណ្យ​សមុទ្រនេះ​ដែរ៕