(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ នៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦នេះ បានជួបសំណេះសំណាល ជាមួយក្រុមអាជីវករ ជាម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ដែលពាក់ព័ន្ធលើសេវាកម្ម ទេសចរណ៍ ចំនួន៩៥នាក់ ដើម្បីផ្សព្វផ្សាយអំពីវិធានការ ការពារសន្តិសុខ ជូនភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិក្នុងពិធីបុណ្យសមុទ្រ និងបុណ្យឆ្លងឆ្នាំសកលនាពេលខាងមុខនេះ។
នៅក្នុងកិច្ចពិភាក្សា និងសំណេះសំណាលនោះ លោកឧត្តមសេនីយ៍ស្នងការ បានសុំឲ្យបងប្អូនអាជីវករ ម្ចាស់ទីតាំងទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នការពារទ្រព្យសម្បត្តិ និងសន្តិសុខ ភ្ញៀវដែលមកស្នាក់អាស្រ័យនៅទីតាំងរបស់ខ្លួន។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា «ក្នុងនោះទីតាំងនិមួយៗ ត្រូវបំពាក់កាមេរ៉ា ត្រូវមានសន្តិសុខឯកជន ដែលមានកាយសម្បទាមាំមួន មានប្រវត្តិរូបច្បាស់លាស់ ត្រូវមានបំពង់ពន្លត់អគ្គិភ័យ ត្រូវមានបញ្ជីតក់ត្រា អត្តសញ្ញាណភ្ញៀវស្នាក់នៅច្បាស់លាស់ និងមានអ្នកប្រចាំការ២៤ម៉ោង តាមដានកាមេរ៉ាសុវត្ថិភាព ហាមឃាត់មិនឲ្យមានការលក់ ឬដុតផាវកាំជ្រួចឡើយ»។
លោកស្នងការបានបន្តទៀតថា «ពិសេសបំផុត ម្ចាស់ទីតាំងត្រូវប្រុងប្រយ័ត្នចំពោះមុខសញ្ញាអាក្រក់ វានឹងអាចមកជួលទីតាំងស្នាក់នៅចាំធ្វើសកម្មភាព នៅពេលណាមានចន្លោះប្រហោងធ្វេសប្រហែស វាបុកចូលបន្ទប់ភ្ញៀវប្លន់តែម្តង។ ម្យ៉ាងទៀត ក្រុមវាចាំលួចគាស់រថយន្តយកទ្រព្យសម្បត្តិភ្ញៀវ។ អីចឹងដើម្បីកុំឲ្យខូចកេរ្តិ៍ឈ្មោះ ជះឥទ្ធិពលអាក្រក់ ប៉ះពាល់ដល់វិស័យទេសចរណ៍ សូមអស់លោកទាំងអស់ ចូលរួមបង្កើនការប្រុងប្រយ័ត្នទាំងអស់គ្នា»។
ជាការឆ្លើយតបនោះ ក្រុមអាជីវករទាំងអស់បានបង្ហាញការចូលរួមសហការយ៉ាងខ្លាំង ជាមួយកងកម្លាំងនគរបាល និងអាជ្ញាធរពាក់ព័ន្ធដើម្បីបង្កើនសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អប្រសើរសម្រាប់ពិធីបុណ្យជាតិដ៏ធំមួយនេះ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ បានចេញសារលិខិតអបអរសាទរដល់ពិធីបុណ្យសមុទ្រលើកទី៥ ក្រោមប្រធានបទ «ទីក្រុងបៃតង ឆ្នេរស្អាត សមុទ្រខៀវស្រងាត់» ដែលនឹងrរៀបចំឡើង នៅថ្ងៃទី២៣-២៤-២៥ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ នាខេត្តព្រះសីហនុ។
ក្នុងសារលិខិតរបស់ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យទេសចរណ៍ ជាវិស័យអាទិភាព ជាមាសបៃតង រួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ តាមរយៈការបង្កើត និងបង្កើនឱកាសការងារ បង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋដោយផ្ទាល់ និងដោយប្រយោល ជំរុញការនាំចេញនៅនឹងកន្លែង ទ្រទ្រង់កំណើនសេដ្ឋកិច្ច បង្កើនចំណូលជាតិ»។
សូមជម្រាបថា ពិធីបុណ្យសមុទ្រលើកទី៥នេះ ត្រូវបានក្រសួងទេសចរណ៍ មានសុទិដ្ឋិនិយមថា នឹងមានភ្ញៀវទេសចរជាតិ-អន្ដរជាតិ ចូលរួមយ៉ាងច្រើនកុះករ៕