(ភ្នំពេញ)៖ អ្នករកសុីទាំងស្របច្បាប់ និងមិនស្របច្បាប់ឆ្លងកាត់ព្រំដែន ជាពិសេសព្រំដែនប្រទេសវៀតណាមតែម្ដងបាននាំគ្នាថ្ងូរដូចព្រាប ព្រោះតែបច្ចុប្បន្នមានលោកផ្កាយ២នៅក្រសួងមហាផ្ទៃម្នាក់ ដែលមានងារជាទីប្រឹក្សាសម្ដេចក្រឡាហោម និងជាអនុប្រធានអចិន្ទ្រៃយ គណៈកម្មការចុះពិនិត្យការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ការបង្ក្រាបបទល្មើស ការសាងសង់សំណង់ និងប៉ុស្ដ៏អនាធិបតេយ្យនានានៅតាម ខ្សែបន្ទាត់ព្រំដែនបានយកតួនាទី និងមុខងាររបស់ខ្លួនទៅកៀបអ្នករកសុីឆ្លងដែនទាំងអ្នករកសុីស្របច្បាប់ និងរកសុីមិនស្របច្បាប់ ជាពិសេសអ្នករកសុីឈើយកលុយដាក់ហោប៉ៅតាមអំពើចិត្តក្រោមលេសប្រមូលជូនថ្នាក់លើ តែមិនដឹងថ្នាក់លើណានោះទេ។
អ្នករកសុីបានលួចបង្ហើបអោយដឹងថាមន្ត្រីថ្នាក់ឧត្តមសេនីយ៍រូបនោះត្រូវបានគេស្គាល់ឈ្មោះ សោម សោភ័ណ រួមជាមួយកូនចៅពីរបីនាក់ ប្រើប្រាស់រថយន្តចំនួន២គ្រឿងនិងមានកាន់សេចក្ដីសំរេចដែលចេញដោយសម្ដេចក្រឡាហោមស ខេង កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ដីពីការបង្កើតគណៈកម្មការចុះពិនិត្យការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ការបង្ក្រាបបទល្មើស ការសាងសង់សំណង់ និងប៉ុស្ដិ៍អនាធិបតេយ្យ នានានៅតាមខ្សែបន្ទាត់ព្រំដែនដែលមាននាយឧត្តមសេនីយ៍ ឌុល គឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃជាប្រធាន ចុះទៅកាន់តំបន់ព្រំដែន នានាជាពិសេសព្រំដែនជាប់ជាមួយប្រទេសវៀតណាមក្រោមលេសស្រាវជ្រាវព័ត៌មានបទល្មើសឆ្លងដែនដើម្បីរាយការណ៏អោយថ្នាក់លើ តែធាតុពិតគឺទៅដើរប្រមូលលុយពីអ្នករកសុីឆ្លងដែនសោះ អ្នកណារកសុីត្រឹមត្រូវ កៀបមិនបាន សុំលុយថ្លៃបាយ អ្នកណារកសុីល្មើស ច្បាប់ រកសុីគេចពន្ធគឺកៀបយកលុយ បើមិនអោយគំរាមចាប់ឬបិទមិនអោយរកសុីជាដើម ជាពិសេសអ្នករកសុីឈើតែម្ដង។ ជាក់ស្ដែង នៅយប់មិញនេះ ក្រុមរបស់លោកសោម សោភ័ណ បានចុះទៅកាន់ខេត្តស្វាយរៀង ទាមទារអោយអ្នករកសុីបង់លុយទៅតាមតែខ្លួនចង់ បានធ្វើអោយអ្នករកសុី ជាពិសេសអ្នករកសុីសុច្ចរិតមានការពិបាកយ៉ាងខ្លាំង ព្រោះបង់ពន្ធស្របច្បាប់ហើយ នៅតាមទារលុយថ្លៃបាយ ថ្លៃសាំងទៀត។
រហូតមកដល់ពេលនេះគេនៅមិនទាន់ដឹងថាសេចក្ដីសំរេចនោះនៅអនុវត្តបានឬអស់សុពលភាពទៅហើយយ៉ាងណានោះទេ តែគេនៅតែ ឃើញឈ្មោះខាងលើដើរធ្វើសកម្មភាពដដែល តែបើយោងលើសេចក្ដីសំរេចរបស់រាជរដ្ឋាភិបាលដែលចេញកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ ថ្មីៗនេះស្ដីពីការបង្កើតគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលមាននាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធាន ត្រង់ប្រការ៦បានចែងថា បទបញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្ដីសំរេចនេះត្រូវទុកជានិរាករណ៏។ ដូច្នេះសូមថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃមេត្តាជួយត្រួតពិនិត្យមើលលើករណីនេះផង ថាតើលោកផ្កាយ២ សោម សោភ័ណ ពិតជាបានប្រព្រឹត្តដូចអ្វីដែលក្រុមអ្នក រកសុីចោទប្រកាន់មែនឬអត់?
ពាក់ព័ន្ធព័ត៌មានចោទប្រកាន់ខាងលើនេះ នៅល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦នេះ Fresh News មិនអាចធ្វើការទាក់ទងលោកសោម សោភ័ណ ដើម្បីសុំការបំភ្លឺបានឡើយ ព្រោះមិនមានលេខទូរស័ព្ទសំរាប់ធ្វើការទាក់ទង។ ប៉ុន្តែយោងតាមមន្ត្រីនៅក្រសួងមហាផ្ទៃមួយរូបដែលដឹងរឿងរ៉ាវ របស់លោកឧត្តមសេនីយ៍ សោម សោភ័ណ ខាងលើនេះបានបង្ហើបអោយដឹងថា ករណីយកតួនាទីជាទីប្រឹក្សាសម្ដេចក្រឡាហោម និងជា អនុប្រធានអចិន្ទ្រៃយ៍ទៅកៀបអ្នករកសុីឆ្លងដែនយកលុយនេះ មិនមែនទើបតែកើតមានពេលនេះទេ គឺកើតឡើងតាំងពីទើបបង្កើតគណៈ កម្មការនេះភ្លាមៗមកម៉្លេះ ដោយកាលណោះគ្រាន់តែបានបេសកកម្មភ្លាមគឺចុះតាមខេត្តជាប់ព្រំដែនភ្លែត ហៅអ្នករកសុីមកជួបភ្លាមៗរហូត ដល់កាលណោះមានអ្នករកសុី និងមន្ត្រីអាជ្ញាធរនៅតាមខេត្ត ស្រុកប្ដឹង សម្ដេចក្រឡាហោមស ខេង ចំណារនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥ បញ្ជាអោយលោកខៀវ សុភក្រ និងលោកចាន់ អ៊ាន កោះហៅមកសួរនាំទៀតផង៕