(ភ្នំពេញ)៖ រដ្ឋាភិបាលប្រទេសជប៉ុន កំពុងពិនិត្យលើការផ្តល់ជំនួយដល់ គម្រោងហេដ្ឋារចនាសម្ព័ន្ធចំនួន៣ថែមទៀត នៅក្នុងប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់ពីមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា។
លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល នៅព្រលប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ បាននិងកំពុងជួបពិភាក្សាការងារជាមួយ លោក Harry H. Horinouchi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ និងការផ្តល់ជំនួយរបស់របស់ជប៉ុន ដល់ក្រសួងសាធារណការនិងដឹកជញ្ជូន។
គម្រោងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដែលជប៉ុនកំពុងពិនិត្យនេះរួមមាន៖ ការស្តារស្ពានជ្រោយចង្វារឡើងវិញ ការពង្រីកផ្លូវជាតិលេខ៥ពី២គន្លងទៅ៤គន្លង ការសាងសង់កំពង់ផែកុងតឺន័រថ្មីនៅក្នុងខេត្តព្រះសីហនុ។ លើសពីនេះទៀត ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) កំពុងសិក្សាលទ្ធភាពអនុវត្តគម្រោងប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្ត(AGT)ពីភ្នំពេញ ទៅព្រលានយន្តហោះ។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណដល់ ឯកអគ្គរដ្ឋទូត Horinouchi ដែលបានផ្តល់ការគាំទ្រចំពោះប្រព័ន្ធទិន្ន័យគ្រប់ការដំណើការការងារកំពង់ផែ EDI និងការកសាងសមត្ថភាពមន្ត្រីរាជការក្រសួងសាធារណការនិងដឹកជញ្ជូន៕