(សៀមរាប)៖ ផ្លូវមួយខ្សែស្ថិតនៅក្នុងសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប ដែលកំពុងដំណើរការសាងសង់ នៅសប្តាហ៍មុននេះ ត្រូវបានក្រុមអ្នកលេងបណ្តាញសង្គម Facebook នាំគ្នារិះគន់យ៉ាងខ្លាំងថា ការសាងសង់ផ្លូវមួយនេះធ្វើមិនបានត្រឹមត្រូវតាមបច្ចេក ទេស និងគ្មានគុណភាពជាដើម។
ដើម្បីឆ្លើយតបការចោទប្រកាន់ទាំងអស់នេះ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦នេះ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប លោក គឹម ប៉ុណ្ណា បានចុះទៅកាន់ ការដ្ឋានសាងសង់ផ្លូវដោយផ្ទាល់ និងបានផ្តល់បទសម្ភាសន៍បញ្ជាក់ពីការសាងសង់ផ្លូវនេះ ដោយផ្ទាល់ជាមួយអង្គភាពព័ត៌មាន Fresh News។
ក្នុងបទសម្ភាសន៍នោះ លោក គឹម ប៉ុណ្ណា ផ្លូវមួយខ្សែនេះ បានរងការខូចខាតខ្លាំងក្នុងរដូវវស្សាកន្លងទៅនេះ ដោយសារតែទឹកភ្លៀង។ លោកថា ទឹកភ្លៀង និងការដឹកលើសទម្ងន់ផ្សេងៗនោះ ធ្វើឲ្យផ្លូវសឹងតែក្លាយទៅជាប្រឡាយ និងមានការដក់ទឹកខ្លាំង។ អំឡុងពេលផ្លូវខូចនោះ តាមរយៈវេទិការសាធារណៈ ក៏ដូចជាបណ្ដាញសង្គម Facebook ប្រជាពលរដ្ឋបានស្នើឲ្យខាងមន្ទីរ និងអាជ្ញាធរខេត្តជួយធ្វើផ្លូវឡើងវិញ។
លោក គឹម ប៉ុណ្ណា បន្តថា តាមរយៈសំណើនេះ ក្រោយពេលរដូវវស្សាបានបញ្ចប់មន្ទីរសាធារណការ និងដឹកជញ្ជូន ក៏បានចាប់ផ្តើមកែសម្រួល និងជួសជុលផ្លូវ ដោយចាក់ដីក្រហម ដែលមានប្រវែងសរុប ៥២០០ម៉ែត្រ ពោលបានធ្វើការជួសជុលដោយចន្លោះៗ ជាពិសេសកន្លែងខូចខ្លាំង ដើម្បីជួយសម្រួលការចរាចរណ៍របស់ប្រជាពលរដ្ឋ។
លោកប្រធានមន្ទីរបានបញ្ជាក់ថា «ការជួសជុលនេះ យើងប្រើគ្រួសក្រហម ហើយការជួសជុលដោយគ្រួសក្រហមនេះ គឺយើងធ្វើទៅតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ ទៅតាមបទដ្ឋាន ដែលក្រសួងសាធារណៈការ និងមន្ទីរបានអនុវត្តន៍នាពេលកន្លងមក។ យើងមិនបានធ្វើដោយមិនបានគិតអំពីគុណភាពនោះទេ។ ដោយឡែកចំពោះចំណុចដើមផ្លូវនេះ គឺយើងខ្ញុំគិតថា វាភ្ជាប់ទៅនិងផ្លូវកៅស៊ូវាងក្រុង យើងគិតថា បើយើងទុកឱ្យនៅជាផ្លូវដីក្រហម វានាំឱ្យមានការប្រលាក់ដល់ផ្លូវពីទីនេះ រហូតដល់ផ្លូវវាងក្រុង ដែលជាផ្លូវកៅស៊ូ អ៊ីចឹងយើងក៏បាន រៀបចំធ្វើផ្លូវនេះ ដែលមានចម្ងាយ ១៧០ម៉ែត្រ ដើម្បីធ្វើការចាក់កៅស៊ូឲ្យបានត្រឹមត្រូវ និងមានគ្រឹះត្រឹមត្រូវតាមលក្ខណៈស្ដង់ដារ គឺមិនមែនយកកៅស៊ូ ទៅចាក់លើដីក្រហម ដូចដែលសង្គម Facebook មួយចំនួនបានលើកឡើងនោះទេ»។
លោក គឹម ប៉ុណ្ណា ក៏បានឲ្យដឹងដែរថា ថ្មគ្រឹះនេះត្រូវបានយកមកពីភ្នំតូច នាស្រុកបន្ទាយស្រី មានព័ណ៌ក្រហម ហើយមានគុណភាពល្អ និងស្អិតល្អ ហើយជាថ្ម ដែលបានប្រើសម្រាប់សាងសង់ផ្លូវនៅទូទាំងខេត្តសៀមរាប។ «យើងបានប្រើប្រាស់ថ្មពីការដ្ឋានភ្នំតូចនេះ នៅទូទាំងខេត្ត សម្រាប់ការសាងសង់ផ្លូវថ្នល់ ដូចជាពេលនេះ គឺយើងកំពុងជួសជុលផ្លូវជាតិលេខ៦ ផ្លូវលោកតាណើយ ផ្លូវ៧មករា ហើយនិងផ្លូវមួយចំនួនទៀត។ បើតាមខ្ញុំដឹង គឺខាងអាជ្ញាធរជាតិអប្សរា កំពុងប្រើប្រាស់ថ្មដូចគ្នានេះ ក្នុងការជួសជុល សាងសង់ផ្លូវនៅតាមតំបន់រមណីយដ្ឋានអង្គរវត្តផងដែរ គឺយើងបានប្រើទាំងអស់គ្នា គឺជាថ្មគ្រឹះត្រឹមត្រូវតាមបច្ចេកទេស មិនដូចសង្គម Facebook មួយចំនួនបានចោទប្រកាន់នោះទេ»។
ឆ្លើយតបការចោទប្រកាន់ថា ផ្លូវចាក់ស្តើងមិនត្រូវបច្ចេកទេសនោះ លោក គឹម ប៉ុណ្ណា បានបញ្ជាក់ថា ប្រភេទផ្លូវ DBST ជាប្រភេទផ្លូវដែលមានកៅស៊ូពីរជាន់ ដោយប្រើថ្មធំកម្រាស់ ១៩មិល្លីម៉ែត្រ និងថ្មតូចស្រទាប់ចុងក្រោយ មានទំហំ ១២មិល្លីម៉ែត្រ សរុបទាំងអស់ មានកម្រាស់ស្ទើរតែ ៣ហ៊ុន ព្រោះវាបានជ្រាបចូលគ្នាខ្លះ តាមចន្លោះប្រហោងខ្លះទៅ គឺវានៅមិនដល់ ៣ហ៊ុនផង នេះគឺជាប្រភេទផ្លូវកៅស៊ូ DBST។
លោកប្រធានមន្ទីរ ក៏បានអំពាវនាវសុំប្រជាពលរដ្ឋកុំឲ្យមានការភ័ន្តច្រឡំរវាងផ្លូវប៉េតុងកៅស៊ូ ឬ ផ្លូវប្រភេទ AC និង ផ្លូវប្រភេទ DBST។ លោកថា ផ្លូវ AC មានកម្រាស់រហូតដល់ ៥ហ៊ុន ៧ហ៊ុន ឡើងទៅ ដែលមានកម្រាស់ក្រាសជាងផ្លូវក្រាលកៅស៊ូប្រភេទ DBST ។
លោកប្រធានមន្ទីររំពឹងថា ការបំភ្លឺរបស់លោក នឹងបានជម្រះរាល់ការមន្ទិលសង្ស័យរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ លោកប្រធានមន្ទីរ ក៏ដូចជាមន្ត្រី នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ក៏មានការសោកស្ដាយ ចំពោះបណ្ដាញសង្គម Facebook និងសារព័ត៌មានមួយចំនួន ដែលចែកចាយនូវព័ត៌មានដោយមិនបានយល់ដឹងអំពីលក្ខណៈបច្ចេកទេស និងមិនបានសួរនាំឲ្យបានគ្រប់ជ្រុងជ្រោយពីមន្ត្រី ឬ អ្នកជំនាញបច្ចេកទេសឲ្យបានត្រឹមត្រូវជាមុន។
លោក គឺម ប៉ុណ្ណា ក៏បានបញ្ជាក់ដែរថា ផ្លូវមួយខ្សែនេះ ស្ថិតក្នុងដំណាក់កាលសាងសង់ត្រឹមជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ហើយគ្រោងរៀបចំធ្វើប្រព័ន្ធលូ ប្រឡាយឲ្យបានត្រឹមត្រូវនៅក្នុងឆ្នាំ២០១៧។ លោក ប្រធានមន្ទីរសង្ឃឹមថា ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចរាជរដ្ឋាភិបាលកម្ពុជា ផ្តល់ថវិកាសម្រាប់ជួយសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ តាមបណ្តោយផ្លូវនេះ ព្រោះជាផ្លូវ មានសារៈសំខាន់ ក្នុងការតភ្ជាប់ចរាចរណ៍ពីស្រុកពួក ហើយក៏ជាក្រវ៉ាត់ផ្លូវទីពីរ សម្រាប់រំដោះចរាចរណ៍ពីក្រុងសៀមរាបផងដែរ៕