(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ត្រី មាស សុភារិទ្ធ នាយរងការិយាល័យទី២ កងទ័ពជើងគោក និងជាប្រធានក្រុមការងារប្រតិបត្តិការរប់សគណៈកម្មការរៀបចំប្រកួតកីឡាកងយោធពខេមរភូមិន្ទ បានថ្លែង​ថា ការតាំងពិពរណ៌ កងទ័ពនៅថ្ងៃទី៦-៧-៨ ខែមករា ឆ្នាំ២០១៧ខាងមុខនេះ មិនមានចេតនាគំរាមគំហែងដល់ប្រទេសជិតខាង ឬជនណាម្នាក់នោះទេ ពោលគឺមានគោលបំណង៤ធំ ទី១៖ រំលឹកខួបទិវាជាតិ៧ មករា ១៩៧៩ - ៧ មករា ២០១៧ ទី២៖ រំលឹកគុណដល់អតីតយុទ្ធជនកម្ពុជា ដែលបានតស៊ូដើម្បីបុព្វហេតុជាតិ មាតុភូមិ ទី៣៖ ឲ្យប្រជាជនយល់ និងផ្តល់តម្លៃនៃ​ការចូលរួម​របស់កងទ័ពនៅក្នុងការថែរក្សាសុខសន្តិភាព និងចូលរួមអភិវឌ្ឍប្រទេសជាតិ ទី៤៖ពង្រឹងទំនាក់ទំនងរវាងយោធា និងប្រជាជាតិ ជាពិសេស ដើម្បីបង្ហាញមហាជនឲ្យដឹងថា សព្វាវុធទាំងនោះ ដែលកងទ័ពប្រើសម្រាប់ការពារទឹកដីកម្ពុជា។

លោកឧត្តមសេនីយ៍ត្រី មាស សុភារិទ្ធ បញ្ជាក់យ៉ាងដូច្នេះថា «យើងធ្វើការតាំងពិពរណ៌កងទ័ពនេះ គឺអត់មានការគំរាមគំហែងទៅដល់ប្រទេសជិតខាង ឬក៏មហាជននៅក្នុងប្រទេស​កម្ពុជា​យើងទេ គឺយើងធ្វើនេះសម្រាប់បង្ហាញមហាជនថា កងយោធពលខេមរភូមិន្ទមានសម្ភារហ្នឹងប្រើ សម្រាប់ប្រើ ការពារបូរណភាពទឹកដី សម្រាប់ការពារប្រជាជនតែប៉ុណ្ណឹងទេ»

ការថ្លែងបែបនេះត្រូវបានធ្វើឡើង នៅល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦នេះ ក្នុងសិន្នសីទសារព័ត៌មាន ការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ ដើម្បីអបអរសាទរ បុណ្យជាតិ៧មករា ២០១៧ និងការប្រមូលនិធិគាំទ្រសកម្មភាពសមាគមអតីតយុទ្ធជនកម្ពុជា។

ក្នុងសិន្នសីទនេះ ក៏មានការចូលរួមពី លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងមន្ដ្រីពាក់ព័ន្ធ ព្រមទាំងក្រុមអ្នកសារព័ត៌មាន ជាច្រើននាក់ផងដែរ។

លោកឧត្តមសេនីយ៍ត្រី បន្ថែមថា មិនមែនមានតែកម្ពុជានោះទេ ដែលធ្វើការតាំងពិពរណ៌កងទ័ព គឺប្រទេសនៅក្នុងសកលលោក ក៏មានការតាំងពិពរណ៌កងទ័ព បែបនេះដែរ។ លោកឧត្តមសេនីយ៍ថា ការតាំងពិពរណ៌កងទ័ពនេះ កម្ពុជាបានប្រារព្ធឡើងតាំងពីឆ្នាំ១៩៩៦មកម្ល៉េះ ដែលបានធ្វើនៅសាលានាយទាហានសកម្មត្មាតពង ប៉ុន្ដែឆ្នាំនេះដោយមានការសម្របសម្រួលពីលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការរងកងទ័ពជើងគោល និងជានាយរងសេនាធិការចម្រុះ នៃកងយោធពល ខេមរភូមិន្ទ គឺត្រូវបានដូរទីតាំងមកធ្វើនៅទីក្រុងកោះពេជ្រវិញ ដើម្បីសម្រួលដល់មហាជនក្នុងការចូលរួម។

ឧត្តមសេនីយ៍ត្រី សង្កត់ធ្ងន់ថា សម្ភាររបស់កងទ័ពដែលនឹងត្រូវយកមកដាក់តាំងពិពរណ៌នៅថ្ងៃទី៦ និងទី៧ ខែមករា ខាងមុខនេះ មានរថយន្ដ និងរថពាសដេក របស់កងយោធពល ខេមរភូមិន្ទ ដែលប្រើប្រាស់សម្រាប់ប្រតិបត្តិការសិក៕