(ឧត្តរមានជ័យ)៖ លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណៈកម្មការគ្រប់គ្រង និងទប់ស្កាត់អំពើជួញដូរមនុស្ស លោក យឹម ធិន ប្រធានក្រុមប្រឹក្សាខេត្ត និងកងកម្លាំងទាំងប្រដាប់អាវុធទាំង៣ប្រភេទ និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងសមាជិកសសយក ទាំងអស់ នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ បានអញ្ជើញចូលរួម រៀបចំអបអរសាទរ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស១២ធ្នូ ក្រោមប្រធានបទ « ពង្រឹងកិច្ចសហការ និងការគ្រប់គ្រងលំហូរទេសន្តប្រវេសន៍ ដើម្បីប្រសិទ្ធភាព នៃការបង្ការ ទប់ស្កាត់ ការពារ បង្រាប និងផ្តន្ទាទោស»។
លោក ស ថាវី បានផ្តល់ជូននូវអនុសាសន៍ល្អៗ ដល់បងប្អូនប្រជាពលរដ្ឋ និងប្អូនៗសិស្សានុសិស្ស អំពីល្បិចកិចកលរបស់ជនខិលខូច ដែលបានប្រើប្រាស់គ្រប់រូបភាព ដើម្បីលួងលោម បោកបញ្ឆោត ក្នុងគោលបំណងជួញដូរស្រី្តភេទ និងកុមារ ពិសេសលោកអភិបាលខេត្ត បានផ្តាំផ្ញើរដល់ស្ថាបន័នៃកងកំលាំងទាំង៣ ធ្វើការសហការគ្នា ជាមួយនិងអាជ្ញាធរដែនដីប្រើប្រាស់កំលាំងបង្កប់ ដើម្បីតាមដាន ស្រាវជ្រាវ និងចាប់ខ្លួនមេខ្លោងយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។
លោកអភិបាលខេត្ត ក៏បានកោតសសើរដល់អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ និងកងកម្លាំងទាំង៣ ដែលបានសហការគ្នា ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ក្នុងការទប់ស្កាត់បាន ទាន់ពេលវេលា តែយើងត្រូវធ្វើជាប្រចាំឲ្យដូចភ្លៀងរលឹមពីព្រោះជនទុច្ចរិតវាក៏នៅតែចាំមើលយើងដែរ ដូច្នោះយើងមិនត្រូវមាន ការធ្វេសប្រហែស ឡើយ។
ជាចុងបញ្ចប់ លោកអភិបាលខេត្តបានផ្តល់កិត្តិយសបង្ហោះប៉ោងៗ ដើម្បីអបអរសាទរនៃទិវា១២ធ្នូ និងទស្សនាសាច់រឿងអប់រំខ្នាតខ្លី ដែលសំដែងដោយប្អូនៗ របស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្តក្រោមចំណងជើងថា «កុំចោលផ្ទះចាស់» ៕