(ឧត្តរមានជ័យ)៖ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តឧត្តមមានជ័យ បាននាំយកគ្រឿងឧបភោគបរិភោគថវិកា របស់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងដោយមានការចង្អុលបង្ហាញ ពីនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ មេបញ្ជាការនគរបាលជាតិ ប្រចាំភូមិភាគ៤ និង៥ បានដឹកនាំកំលាំង ចុះសួរសុខទុក្ខ លោកព្រិន្ទបាលទោ អៀង សុដន មន្ត្រីនគរបាលប៉ុស្ថិ៍ការពារព្រំដែន តាទុំ ដែលគ្រោះថ្នាក់ផ្ទុះមីនដាច់ជើងស្តាំ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ ហើយកំពុងសំរាកព្យាបាល នៅផ្ទះ ស្ថិតក្នុងភូមិចំប៉ាសុខ សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ក្នុងឱកាសនេះដែរ លោកស្នងការនគរបាលខេត្តឧត្តរមានជ័យ បាននាំយកអំណោយរួមមាន អង្ករ១០០គីឡូ មី៤កេស ទឹកត្រី ៤យួរ ទឹកផ្លែឈើ១កេស និងថវិកា៤លានរៀល។
សូមបញ្ជាក់ថា លោកស្នងការនគរបាលខេត្តឧត្តរមានជ័យ តែងតែមានការគិតគូជានិច្ចពីសុខទុក្ខ និងជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ កងកម្លាំងនគរបាល និងចុះនាំយកអំណោយមកចែកជូនជាបន្តបន្ទាប់ផងដែរ៕