(សៀមរាប)៖ ដោយមានសន្តានចិត្តអាណិតអាសូរ ចំពោះវីរៈសិល្បករជើងចាស់ លោកតាព្រឹទ្ធាចារ្យ យិត សារិន (ហៅ ស ឬស្វាស) ដែលកំពុងមានជំងឺរលាកថ្លើមធ្ងន់ធ្ងរនោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកថវិកាចំនួន ៥ពាន់ដុល្លារអាមេរិក ប្រគល់ជូនដោយ ផ្ទាល់ដៃ ដល់លោកតាព្រឹទ្ធាចារ្យ និងលោក សារិន វឌ្ឍនៈ ជាកូនប្រុសបង្កើត នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នៅព្រឹកថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៦នេះ។ការប្រគល់ជូនប្រាក់ឧបត្ថម្ភនេះ ធ្វើឡើងខណៈដែលលោកតា កំពុងធ្វើដំណើ រពីភ្នំពេញទៅព្យាបាលជំងឺ នៅមន្ទីរពេទ្យសុរិន្ទ ប្រទេសថៃ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៦ កន្លងទៅ កាកបាទក្រហមកម្ពុជា បានឧបត្ថម្ភថវិកា ៥លានរៀល ជូន លោកតាព្រឹទ្ធាចារ្យ យិត សារិន ម្តងរួចមកហើយ។
លោកតាព្រឹទ្ធាចារ្យ យិត សារិន (ហៅ ស ឬស្វាស) មានអាយុ៩២ឆ្នាំ ជាគ្រូសិល្បៈផ្នែកល្ខោនខោល ដែលបានលះបង់ កម្លាំងកាយ-ចិត្ត ផ្តល់ចំណេះដឹងសិល្បៈ ផ្នែកល្ខោនខោល ជូនដល់កុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយ។
បន្ថែមពីនេះ លោកតាព្រឹទ្ធាចារ្យ មានឯកទេសសំដែងតួ «ស្វា» ធ្លាប់រាំសំដែងនៅក្នុងព្រះបរមរាជវាំង នាសម័យសង្គមរាស្ត្រនិយម ក្នុងរជ្ជកាលព្រះមហាក្សត្រីយានី ស៊ីសុវត្ថិកុសុមៈនារីរ័ត្ន សិរីវឌ្ឍនា ហើយក៏ជាអតីតគ្រូបង្ហាត់សិល្បៈ ផ្នែកល្ខោនខោលនៅក្នុង ព្រះបរមរាជវាំង និងនៅសាលាមធ្យមវិចិត្រសិល្បៈទៀតផង៕