(ភ្នំពេញ)៖ រឿងរ៉ាវនៃការទិញលក់ក្រុមហ៊ុនអាជ្ញាប័ណ្ណធ្វើអាជីវកម្មខ្សាច់រវាងភាគីអ្នកលក់មានលោក ឡៅ ស៊ុនប៉ា អតីតអភិបាលខេត្តកណ្ដាល និង ភាគីអ្នកទិញមានលោក យិន សុវណ្ណី នោះ លទ្ធផលចុងក្រោយ ភាគីអ្នកលក់មិនគោរពកិច្ចសន្យា យកលុយជិតអស់ហើយ ប្ដឹងអ្នកទិញយកលុយថែមទៀត រហូតដល់ប្ដឹងរឹបអូសយកផ្ទះរបស់ភាគីអ្នកទិញថែមទៀតផង។
ករណីអយុត្តិធម៌កើតឡើងចំពោះភាគីអ្នកទិញដែលបានចំណាយលុយអស់រហូតដល់ទៅជាង២០មុឺនដុល្លារហើយមិនទទួលបានអាជ្ញាប័ណ្ណខ្សាច់ដូចទៅ តាមកិច្ចសន្យានិងត្រូវបានភាគីអ្នកលក់ប្ដឹងទាមទារលុយដែលនៅសល់រហូតដល់តុលាការកាត់ក្ដីកំបាំងមុខអោយភាគីអ្នកទិញចាញ់និងបង្គាប់អោយរឹប អូសយកផ្ទះលក់ឡៃឡុងសងជាសំណងដល់ភាគីអ្នកលក់ថែមទៀតផងនោះ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ខាងមុខនេះ តុលាការនឹងលើកគ្នាទៅរឹបអូស យកផ្ទះរបស់ភាគីអ្នកទិញសារជាថ្មីទៀតហើយ ខណៈកន្លងមកតុលាការធ្លាប់ចុះទៅអនុវត្តរាប់ភ្លេច តែមិនអនុវត្តបាន ព្រោះតែរឿងក្ដីនេះវាអយុត្តិធម៌ខ្លាំង ពេកចំពោះភាគីអ្នកទិញដែលរងគ្រោះម្ដងជាពីរដង ហើយភាគីអ្នកទិញសំណូមពរសូមអោយសម្ដេចតេជោហ៊ុន សែន មេត្តាជួយអន្តរាគមន៏លើករណីនេះ ផងដើម្បីកុំអោយជនខិលខូចចេះតែដើរធ្វើផ្ដេសផ្ដាស់រំលោភបំពានគេឯងស្រេចនឹងចិត្តតទៅទៀត។ ជាមួយនោះផងដែរ លោកយិន សុវណ្ណីក៏បានសរសេរ លិខិតទៅលោកអង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌សុំអន្តរាគមន៏ផ្អាកការអនុវត្តសាលដីការឹបអូសផ្ទះរបស់លោក ដើម្បីទុកពេលអោយលោកប្ដឹងសើរើ ក្នុងរឿងក្ដីនេះដើម្បីផ្ដល់យុត្តិធម៌ដល់រូបលោកវិញផងដែរ។
តាមការរៀបរាប់ពីលោកយិន សុវណ្ណី ដែលជាភាគីអ្នកទិញ នឹងជាអ្នករងគ្រោះបានអោយដឹងថា កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០០៨ លោកបានព្រមព្រៀង ចុះកិច្ចសន្យាទិញក្រុមហ៊ុនដាយមិនសិន របស់លោកឡៅ ស៊ុនប៉ា ដែលអះអាងថាមានអាជ្ញាប័ណ្ណរ៉ែខ្សាច់ក្នុងតម្លៃ២៩មុឺនដុល្លារ។ ក្នុងនោះភាគីអ្នកលក់ត្រូវ ធានារត់ការផ្ទេរអាជ្ញាប័ណ្ណរ៉ែ និងផ្ទេរក្រុមហ៊ុនមកអោយភាគីអ្នកលក់ថែមទៀតផង។បន្ទាប់ពីចុះកិច្ចព្រមព្រៀងហើយ ភាគីអ្នកទិញបានប្រគល់លុយទៅ អោយភាគីអ្នកលក់ជាបន្តបន្ទាប់ដែលសរុបអស់ទឹកប្រាក់ខ្ទង់២៥មុឺនដុល្លារ(មានឯកសារ)។ ក្នុងនោះដើម្បីធានាដល់ការផ្ទេរអាជ្ញាប័ណ្ណអោយមានប្រសិទ្ធភាព ភាគីអ្នកទិញបានផ្ដល់ទឹកប្រាក់ចុងក្រោយជាសែក៣មុឺនដុល្លារចំនួន២សន្លឹកស្មើ៦មុឺនដុល្លារទៅភាគីអ្នកលក់ដោយកំណត់រយៈពេលបើកជាសាច់ប្រាក់បាននៅ ពេលណាដែលភាគីអ្នកលក់រត់ការផ្ទេរអាជ្ញាប័ណ្ណរួចរាល់អោយភាគីអ្នកទិញ។ ប៉ុន្តែខណៈភាគីអ្នកលក់មិនទាន់រត់ការផ្ទេរអាជ្ញាប័ណ្ណបានផង ស្រាប់តែនៅ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០០៩ រាជរដ្ឋាភិបាលចេញសេចក្ដីសំរេចស្ដីពីការកំណត់ការធ្វើអាជីវកម្មខ្សាច់ដោយបញ្ឈប់ការនាំខ្សាច់ទៅក្រៅប្រទេស ធ្វើអោយកិច្ច សន្យាទិញ លក់ក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណខ្សាច់ខាងលើនេះអស់សុពលភាព ហើយភាគីអ្នកទិញខ្លាចបាត់បង់ប្រាក់៦មុឺនដុល្លារដែលដាក់នៅក្នុងគណនី ធនាគារក៏ទៅដកយកសាច់ប្រាក់នោះវិញ ធ្វើអោយសែក២សន្លឹក ដែលលោកយិន សុវណ្ណី ប្រគល់ទៅអោយលោកឡៅ ស៊ុនប៉ា នោះគ្មានសាច់ប្រាក់។ ចំណែក លោកឡៅ ស៊ុនប៉ា ពេលដឹងថារាជរដ្ឋាភិបាលបញ្ឈប់ការនាំខ្សាច់ចេញទៅក្រៅប្រទេស ធ្វើអោយអាជ្ញាប័ណ្ណខ្សាច់របស់ខ្លួនដែលលក់ទៅអោយលោក យិន សុវណ្ណី គ្មានតម្លៃ ក៏ប្រញាប់ទៅដកសាច់ប្រាក់៦មុឺនដុល្លារតាមរយៈសែក២សន្លឹក តែខាងធនាគារបញ្ជាក់ថាគ្មានសាច់ប្រាក់ ចុងក្រោយក៏ដាក់ពាក្យ បណ្ដឹងទៅតុលាការប្ដឹងលោកយិន សុវណ្ណីពីបទចេញសែកអត់សាច់ប្រាក់(សែកស្អុយ)ដោយប្ដឹងទាមទារប្រាក់ដែលនៅសល់៦មុឺនដុល្លារ និងទារជំងឺចិត្ត ថែមទៀតផង។ លោកយិន សុវណ្ណីបានបន្ថែមថា ក្រោយលោក ឡៅ ស៊ុនប៉ា ប្ដឹង តុលាការបានកាត់ក្ដីជាបន្តបន្ទាប់ខ្លះកំបាំងមុខ ពេលខ្លះមិនបានហៅលោក ទៅសាកសួរនោះឡើយ រហូតដល់ទុកអោយសាលដីកាចូលស្ថាពរ និងតុលាការចុះរឹបអូសយកផ្ទះរបស់លោកដើម្បីលក់ឡៃឡុងផ្ដល់សំណងដល់លោកឡៅ ស៊ុនប៉ា តែម្ដង។
ពាក់ព័ន្ធរឿងរ៉ាវអយុត្តិធម៌ខាងលើនេះ លោកយិន សុវណ្ណី បានបញ្ជាក់ថាក្នុងកិច្ចសន្យាតម្រូវអោយលោកឡៅ ស៊ុនប៉ា ភាគីអ្នកលក់រត់ការផ្ទេរក្រុមហ៊ុន និង អាជ្ញាខ្សាច់អោយលោកអោយបានរួចរាល់ទើប លោកប្រគល់លុយអោយគ្រប់ តែទើបរត់ការបានត្រឹមcdcនិងក្រសួងពាណិជ្ជកម្មប៉ុណ្ណោះ នៅខ្វះក្រសួងរ៉ែ ក្រសួង បរិសា្ថន និងក្រសួងធនធានទឹកទៀត បែរមកទាមទារយកលុយ៦មុឺនដុល្លារចុងក្រោយទៅវិញ។
ពាក់ព័ន្ធព័ត៌មានខាងលើនេះ នៅល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦នេះ fresh news មិនអាចធ្វើការទាក់ទងសុំការបំភ្លឺពីលោកឡៅ ស៊ុនប៉ា បានទេ ព្រោះមិនមាន លេខទូរស័ព្ទសំរាប់ធ្វើការទាក់ទងឡើយ៕