(ត្បូងឃ្មុំ)៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦នេះ បានចាប់ខ្លួនអតីតមន្រ្តីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តម្នាក់ ពីបទចែកចាយ និងជក់គ្រឿងញៀន។

លោកវរសេនីយ៍ទោ ជា ជឿន នាយការិយាល័យប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា ប្រតិបត្តិការចាប់ខ្លួនជនសង្ស័យរូបនេះ បានធ្វើឡើងក្រោមបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្ត និងធ្វើឡើងតាមដីកាបង្គាប់ឲ្យចាប់ខ្លួន តាមអំណាចដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់តុលាការចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥។

ការចាប់ខ្លួនជននេះ បានធ្វើងឡើង ខណៈកំពុងដឹកមាន់ជល់១ក្បាល ចេញពីកាស៊ីណូមួយកន្លែង នៅភូមិក្រែកត្បូង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

លោក ជា ជឿន បានបន្តទៀតថា «ជនសង្ស័យឈ្មោះ ព្រំ ទឹត្យា ហៅលុច ជាមន្រ្តីនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ខេត្តត្បូងឃ្មុំ ហើយត្រូវបាន បណ្តេញចេញពីជួរ បន្ទាប់ពីបានទទួលការអប់រំ និងព្រមានជាច្រើនលើក តែគេមិនរាងចាល។ គេជាមុខសញ្ញាជួញដូរ និងចែកចាយគ្រឿងញៀន ធ្វើសកម្មភាពក្នុងទឹកដីខេត្តត្បូងឃ្មុំ ដោយមិនញញើតកម្លាំងសមត្ថកិច្ចឡើយ»
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានប្រកាសឲ្យមន្រ្តីនគរបាលខេត្តត្បូងឃ្មុំណា ដែលមានពាក់ព័ន្ធគ្រឿងញៀន ត្រូវបញ្ឈប់ជាបន្ទាន់ ហើយបើនៅតែបន្ត លោកបានចាត់វិធានការច្បាប់ ដោយមិនលើកលែងឡើយ៕