(កំពង់ស្ពឺ)៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងក្រុមស្រាវជ្រាវព័ត៌មាន និងបង្ក្រាបបទល្មើសព្រៃឈើ របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា និងមានការសម្របសម្រួលពីតំណាងអយ្យការខេត្ត នៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦នេះ បានបើកប្រតិបត្តិការចុះបង្ក្រាប ទីតាំងស្តុកឈើចំនួន៨កន្លែង ក្នុងដីឡូត៍មួយដ៏ធំ ភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

មន្រ្តីអាវុធហត្ថដែលចូលរួមប្រតិបត្តិការ ចុះបង្ក្រាបឈើទាំងនេះ បានបញ្ជាក់ថា កម្លាំងបានរកឃើញជាបឋមមានគំនរឈើចំនួន៨កន្លែង ឈើខ្លះដាក់នៅក្នុងឃ្លាំង ខ្លះដាក់នៅក្នុងរោង លាក់ទុកនៅក្នុងស្រះទឹក ខ្លះដាក់នៅទីវាល កន្លែងសិប្បកម្ម ខ្លះនៅក្នុងរថយន្តកូរ៉េ និងខ្លះនៅក្នុងរថយន្តឃ្លប់ បិទផ្លាកយីហោភេសជ្ជៈរបស់ចិន ហើយទីតាំងមួយកន្លែងៗនៅក្នុងឃ្លាំងដដែលនោះ ក៏បានរកឃើញនូវប្រភេទឈើរាជកុល ដែលមានមុខកាត់ធំៗ ដែលឈ្មួញបានយកអុសទៅគ្របពីលើ​ជាការបិទបាំងផងដែរ។

យ៉ាងណាក៏ដោយ មន្រ្តីអាវុធហត្ថក៏មិនទាន់បានបញ្ជាក់ថា ម្ចាស់ទីតាំងមានឈ្មោះ ជា ថេង ដែលបុគ្គលនេះជាឈ្មួញឈើម្នាក់បានធ្វើឲ្យបាក់ស្ពាន នៅខេត្តកំពត​នាពេលកន្លងទៅ ដោយសារតែរថយន្តដឹកឈើធ្ងន់ពេក ហើយនៅពេលនេះ កម្លាំងកំពុងធ្វើការវាស់វែង ដើម្បីចង់ដឹងឈើទាំងនេះមានប៉ុន្មានគូប៕