(ភ្នំពេញ)៖ កិច្ចព្រមព្រៀងជាថ្មី រវាងរាជរដ្ឋាភិបាលកម្ពុជា និងការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ ដែលទើបបានចុះហត្ថលេខា នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ បានបញ្ជាក់យ៉ាងច្បាស់ថា អង្គការសហប្រជាជាតិ លែងលូកដៃជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាទៀតហើយ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា ដែលចេញផ្សាយនៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦នេះ។
ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា «គោលបំណងនៃអនុស្សារណៈដែលត្រូវបានចុះហត្ថលេខា នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ គឺជាការប្រកាសអំពីបំណងរបស់ភាគីទាំងពីរ ក្នុងកិច្ចសហប្រតិបត្តិការអនុវត្ត “កម្មវិធីសហប្រតិបត្តិការបច្ចេកទេសលើវិស័យសិទ្ធិមនុស្ស” និងដើម្បីបង្កើតក្របខណ្ឌសហប្រតិបត្តិការ ដោយឈរលើមូលដ្ឋាននៃគោលបំណង និងគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាតិ មាត្រា២(កថាខ័ណ្ឌ៧) ដែលបានគូសបញ្ជាក់ថា “ពុំមានបទបញ្ញត្តិណាមួយនៅក្នុងធម្មនុញ្ញឱ្យអ.ស.ប ចូលជ្រៀតជ្រែកកិច្ចការ ដែលស្ថិតនៅក្រោមយុត្ថាធិការរបស់ប្រទេសជាសមាជិកនីមួយៗឡើយ”»។
មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់បន្ថែមថា នៅក្នុងកិច្ចព្រមព្រៀងនេះ មានចំណុចថ្មីតែមួយគត់គឺអង្គការសហប្រជាជាតិ ពុំមានសិទ្ធណាមួយ ជ្រៀតជ្រែកចូលកិច្ចការ របស់ប្រទេសកម្ពុជានោះឡើយ ដែលនេះបង្ហាញថា ជាការគោរពនូវអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា លោក ប្រាក់ សុខុន បានធ្វើលិខិតមួយច្បាប់ទាំងភាសាខ្មែរ និងអង់គ្លេស ផ្ញើជូនលោក Zeid Ra'ad Al Hussein ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ដោយបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងប្រើប្រាស់សិទ្ធិអធិបតេយ្យរបស់ខ្លួន សម្រេចលើអនាគតនៃវត្តមានការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា។
ក្រសួងបរទេសបានសរសេររៀបរាប់អំពី៖ អនុស្សារណៈនៃការយោគយល់គ្នាចុងក្រោយបំផុត ដែលអនុញ្ញាតឲ្យការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស មានប្រិបត្តិការស្របច្បាប់នៅកម្ពុជា បានផុតសុពលភាព ចាប់តាំងពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥មកម៉្លេះ និងឲ្យការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បញ្ជាក់ពីការទទួលយកអនុស្សារណៈនៃការយោគយល់គ្នាថ្មីមួយ រវាងរដ្ឋាភិបាលកម្ពុជា និងការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស។ រាជរដ្ឋាភិបាលកម្ពុជានឹងមិនមានជម្រើសអ្វីផ្សេង ក្រៅតែពីប្រើប្រាស់សិទ្ធិអធិបតេយ្យរបស់ខ្លួនសម្រេច លើអនាគតនៃ វត្តមានការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ដោយសម្រេចរង់ចាំរហូតដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ខាងមុខនេះ។
ប៉ុន្តែនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ កិច្ចព្រមព្រៀងជាថ្មី រវាងរាជរដ្ឋាភិបាលកម្ពុជា និងការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ បានចុះហត្ថលេខាហើយ ដោយក្នុងនោះបានបញ្ជាក់យ៉ាងច្បាស់ថា អង្គការសហប្រជាជាតិ លែងលូកដៃជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាទៀតហើយ៕