(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦នេះ បានជួបសំណេះសំណាល និងដោះស្រាយស្បៀង ជូនជនចាស់ជរា ប្រជាពលរដ្ឋក្រីក្រជាង៥០០គ្រួសារ មកពី៧សង្កាត់ ទូទាំងក្រុងពោធិ៍សាត់ រួមមាន៖ សង្កាត់ស្វាយអាត់ សង្កាត់លលកស សង្កាត់រលាប សង្កាត់ព្រៃញី សង្កាត់បន្ទាយដី សង្កាត់ចម្រើនផល និងសង្កាត់ផ្ទះព្រៃ រួមជាមួយភូមិមួយចំនួន នៃឃុំវាល ស្រុកកណ្តៀង ដែលទទួលរងការប៉ះពាល់ដោយទឹកជំនន់មួយយប់ពីរថ្ងៃ ចាប់តាំងពីថ្ងៃទី១៧-១៨ ខែធ្នូ ឆ្នាំ២០១៦ បណ្តាលឱ្យលេចលង់ផលដំណាំ ស្រូវ លំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង ពិសេសឃុំសង្កាត់ដែលនៅជាប់ដងស្ទឹងពោធិ៍សាត់។

លោក ម៉ៅ ធនិន បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់បង់ផលដំណាំ ផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ ជាពិសេសផលដំណាំស្រូវ របស់បងប្អូនប្រជាកសិករ ដែលកំពុងទុំពេញវាលស្រែ ត្រូវបានលិចលង់ដោយទឹកជំនន់ បានបំផ្លិចបំផ្លាញតែរយៈពេលមួយយប់ពីរថ្ងៃប៉ុណ្ណោះ នេះគឺជាគ្រោះធម្មជាតិមួយដែល កើតមានជាងពាក់កណ្តាលខែធ្នូ ដែលកន្លងមកជំនន់ត្រឹមតែដើមខែវិច្ឆិកា។

ជំនន់ទឹកភ្លៀងនៅចុងឆ្នាំ២០១៦នេះ ដែលមានស្ទឹងធំៗចំនួន៣ បានហូរប្រសព្វគ្នាតែមួយនៅក្បាលស្ទឹងក្រវាញ ចូលមកស្ទឹងពោធិ៍សាត់ ធ្វើឱ្យដំណើរទឹកមានល្បឿនលឿន និងលេចលង់មកបែកខាងក្រោម បង្កប៉ះពាល់ដល់ស្រុកភ្នំក្រវាញ ក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង។

លោក ម៉ៅ ធនិន បានបញ្ជាក់ថា «គ្រោះទឹកជំនន់ប៉ុន្មានថ្ងៃកន្លងមកនេះ មិនត្រឹមតែខេត្តពោធិ៍សាត់យើងនោះទេ បណ្តាខេត្តមួយចំនួន ក៏ទទួលរងឥទ្ធិពលគ្រោះធម្មជាតិដូចៗគ្នា គ្រាន់តែតិចឬច្រើន។ យើងមិនអាចគេចផុតបានឡើយ ដូចនេះបន្ទាប់ពីទឹកបានស្រកទៅវិញនោះ គប្បីបងប្អូនប្រជាពលរដ្ឋ ត្រូវរួមគ្នាច្រូត និងប្រមូលផលស្រូវទុកដាក់ និងបន្តធ្វើស្រែប្រាំងចំពោះតំបន់ ដែលមានទឹកគ្រប់គ្រាន់ ដើម្បីស្តារជីវភាពឡើងវិញ។ ក្នុងនាមរដ្ឋបាលខេត្ត លោកអភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់អាជ្ញាធរដែនដី និងប្រជាពលរដ្ឋគ្រប់ភូមិ ឃុំ សង្កាត់ គប្បីយកចិត្តទុកដាក់ បង្កាការពារនូវជំងឺដង្កាត់ កុំឱ្យកុមារតូចៗទៅលេងទឹក នាំឱ្យគ្រោះថ្នាក់ ចំពោះសត្វពាហនៈត្រូវថែទាំ និងរកទីកន្លែងបានត្រឹមត្រូវ ដើម្បីកុំឱ្យឆ្លងជំងឺ»

លោកអភិបាលខេត្តបានបន្តទៀតថា បើមានករណីអ្វីកើតមាននៅក្នុងមូលដ្ឋាន ត្រូវរាយការណ៍តាមទូរស័ព្ទមកជាបន្ទាន់ ដល់រដ្ឋបាលខេត្ត ក៏ដូចអាជ្ញាធរដែនដី និងអង្គភាពដែលមានការពាក់ព័ន្ធ ដើម្បីដោះស្រាយបានទាន់ពេលវេលា។ ជាក់ស្តែង ដូចនៅពេលនេះ គឺជាសក្ខីភាពស្រាប់ គឺបន្ទាប់ពី ទទួលបានរបាយការណ៍ ស្តីពីការប៉ះពាល់គ្រោះទឹកជំនន់នោះ រដ្ឋបាលខេត្តបានធ្វើការដោះស្រាយភ្លាមៗ ជូនបងប្អូនប្រជាពលរដ្ឋជាង៥០០គ្រួសារ គឺក្នុងមួយគ្រួសារទទួលបានអង្ករ២០គីឡូក្រាម ទឹកត្រី១ដប និងទឹកស៊ីអ៊ីវ១ដប។

លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា ការដោះស្រាយជាបឋមនេះ មិនអាចឱ្យបងប្អូនយកទៅទទួលទានបាន ច្រើនថ្ងៃនោះទេ គឺគ្រាន់តែដោះស្រាយបានមួយគ្រាប៉ុណ្ណោះ កត្តាដែលសំខាន់នោះ សូមឱ្យបងប្អូនរកទទួលទានដោយខ្លួនឯង ទើបធ្វើឱ្យជីវភាពគាប់ប្រសើរ។ ម្យ៉ាងវិញទៀតត្រូវចេះរួមរស់នៅជាមួយគ្នា ស្រឡាញ់គ្នា ជួយគ្នាទៅវិញទៅមក កុំទៅចោលគ្នា ចាត់ទុកយើងទាំងអស់គ្នាជាគ្រួសារតែមួយ ក្នុងនោះរួមទាំងក្រុមគ្រួរសារ របស់លោក។

ឆ្លៀតក្នុងឱកាសនោះ លោក ម៉ៅ ធនិន ក៏បានបន្តចុះជួបសំណេះសំណាលសួរសុខទុក្ខ និងដោះស្រាយក្តីកង្វល់មួយចំនួន ព្រមទាំងពិនិត្យយន្តការដែលបានដាក់ចេញកន្លងមក លើការស្ថាបនាដំបូលផ្សារប៉ែកខាងមុខ ជូនបងប្អូនអាជីវករផ្សារពោធិ៍សាត់ផងដែរ៕