ទីបំផុត រាជរដ្ឋាភិបាលកម្ពុជា និងឧត្តមស្នងការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ បានសម្រេចចុះ MOU ជាថ្មី (Video inside)
20-12-2016 16:19
(ភ្នំពេញ)៖ ទីបំផុត រាជរដ្ឋាភិបាលកម្ពុជា និងការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងជាថ្មី កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅនេះ។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦នេះ។
ការចុះកិច្ចព្រមព្រៀងនេះ គឺជាការប្រកាសអំពីបំណងរបស់ភាគីទាំងពីរ ក្នុងកិច្ចសហប្រតិបត្តិការអនុវត្ត «កម្មវិធីសហប្រតិបត្តិការ បច្ចេកទេសលើវិស័យសិទ្ធិមនុស្ស» និងដើម្បីបង្កើតក្របខណ្ឌសហប្រតិបត្តិការ ដោយឈរលើមូលដ្ឋាននៃគោលបំណង និងគោលការណ៍ ដែលមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាតិ មាត្រា២ (កថាខ័ណ្ឌ៧) ដែលបានគូសបញ្ជាក់ថា «ពុំមានបទបញ្ញត្តិណាមួយនៅក្នុង ធម្មនុញ្ញឱ្យ អ.ស.ប ចូលជ្រៀតជ្រែកកិច្ចការ ដែលស្ថិតនៅក្រោមយុត្ថាធិការរបស់ប្រទេសជាសមាជិកនីមួយៗឡើយ»។
ក្រសួងការបរទេស បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់ជាថ្មីពីការប្តេជ្ញាយ៉ាងមុតម៉ាំរបស់ខ្លួនក្នុងភាពជាដៃគូយ៉ាងពិតប្រាកដ និងស្មោះត្រង់ជាមួយអង្គការសហប្រជាជាតិ ដើម្បីពង្រឹងការអនុវត្តអនុស្សារណនេះ ឱ្យមានប្រសិទ្ធិភាព និងពេញលេញ ដោយផ្អែកលើ ការគោរពគ្នាទៅវិញទៅមក និងពុំជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង សម្តៅពង្រឹងបន្ថែមនូវនីតិវិធីរដ្ឋ និងជំរុញលើកកម្ពស់ការការពារ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងការបរទេស៖