(ភ្នំពេញ)៖ ស្រាបៀរកម្ពុជា ជាអ្នកឧបត្ថម្ភធំ ពិធីបុណ្យសមុទ្រឆ្នាំ២០១៦ ដែលនឹងប្រព្រឹត្តទៅនៅខេត្តព្រះសីហនុ នៅថ្ងៃទី២៣ ២៤ និង២៥ ខែធ្នូខាងមុខនេះ។
លោកឧកញ៉ា លាង ឃុន ប្រធានអគ្គនាយកក្រុមហ៊ុន ខែ្មរ ប្រ៊ូវើរី លីមីតធីត ដែលផលិតស្រាបៀរកម្ពុជា បានមានប្រសាសន៍ថា «ស្រាបៀរកម្ពុជា រីករាយសហការជាមួយ ក្រសួងទេសចរណ៍ ក្នុងការជួយរៀបចំពិធីបុណ្យដ៏ធំមួយនេះ ឲ្យដំណើរការទៅដោយជោគជ័យ ព្រោះក្រុមហ៊ុនចង់ចូលរួមលើកស្ទួយ វិស័យទេសចរណ៍កម្ពុជា ជាពិសេសតំបន់ឆ្នេរ ដែលមានសក្ដានុពលខ្ពស់ ក្នុងការទាក់ទាញភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ»។
លោកឧកញ៉ាបានបន្តថា «ក្នុងពិធីបុណ្យសមុទ្រ ក៏មានការប្រកួតកីឡាជាច្រើន ដែលទាំងនេះ ស្របតាមគោលដៅរបស់ស្រាបៀរកម្ពុជា ដែលកន្លងមក ក្រុមហ៊ុនតែងតែជួយលើកស្ទួយ វិស័យកីឡាកម្ពុជា»។
លោកឧកញ៉ាបានឲ្យដឹងទៀតថា «យើងជាក្រុមហ៊ុនដែល វិនិយោគដោយខ្មែរ១០០% ដូច្នេះគោលដៅរបស់យើង គឺចង់ក្លាយខ្លួនជា ក្រុមហ៊ុន ក្នុងស្រុកឈានមុខគេមួយ ដែលជួយអភិវឌ្ឍសង្គមជាតិ និងជួយលើកស្ទួយវិស័យសំខាន់ៗនានា របស់កម្ពុជាដូចជាវិស័យ ទេសចរណ៍ និងវិស័យកីឡា តាមរយៈការរៀបចំដោយផ្ទាល់ និងការជួយឧបត្ថម្ភធំ ឬផ្តាច់មុខក្នុងពិធីបុណ្យជាតិធំៗ និងព្រឹត្តិការណ៍ កីឡាធំៗនានា»។
នេះជាលើកទី៥ហើយ ដែលពិធីបុណ្យសមុទ្រ ត្រូវបានរៀបចំឡើង នៅតាមបណ្តាខេត្តដែលមានឆ្នេរសមុទ្ររួមមាន ខេត្តកែប ខេត្តកោះកុង ខេត្តកំពត និងខេត្តព្រះសីហនុ។ កន្លងមក ស្រាបៀរកម្ពុជា ក៏តែងសហការណ៍ជាមួយក្រសួង ឧបត្ថម្ភធំក្នុងពិធីបុណ្យសមុទ្រនេះ៕