(ភ្នំពេញ)៖ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយរាជធានីភ្នំពេញ និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ បានជំរុញឲ្យស្ត្រីជាមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ពិសេសរាជធានីភ្នំពេញ ក៏ដូចជាមន្ត្រីថ្នាក់មូលដ្ឋានសង្កាត់ ខណ្ឌ ត្រូវតែបន្តចលនាចូលរួមអភិវឌ្ឍន៍សង្គមជាតិ និងកិច្ចការងារបំរើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ ស្របតាមចង់បានរបស់ពួកគាត់។
ការថ្លែងខាងលើនេះ ខណៈពេលលោកស្រី ម៉ែន សំអន អញ្ជើញចុះជួបសំណេះសំណាល ជាមួយស្ត្រីដែលជាមន្ត្រីរាជការ ថ្នាក់ដឹកនាំក្រុមប្រឹក្សា គណៈអភិបាល សមាគមនារី ក្រុមចលនា ស្ត្រីរាជធានី មន្ទីរ ខណ្ឌ សង្កាត់ និងផ្សារ ព្រមទាំងមន្ត្រីក្រុមការងារថ្នាក់ជាតិ ចុះជួយខណ្ឌ សមាជិក ក្រុមប្រឹក្សាខណ្ឌ ថ្នាក់ដឹកនាំខណ្ឌ ថ្នាក់ដឹកនាំសង្កាត់នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ។
លោកស្រី ម៉ែន សំអន ក៏បានថ្លែងនូវការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរួមគ្នា ទាំងក្រុមការងារថ្នាក់ជាតិ ចុះជួយខណ្ឌ ថ្នាក់ដឹកនាំខណ្ឌ សង្កាត់ ភូមិ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅទូទាំងរាជធានី និងក្នុងមូលដ្ឋានគ្រប់សង្កាត់ខណ្ឌ ដែលបានរួមចំណែកជួយក្នុងការងារអនុវត្តនូវគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញសម្រាប់ឲ្យអនុវត្ត រួមមាន៖ បញ្ហាសុខ សន្តិភាព បញ្ហាស្ថេរភាពនយោបាយ ដោយបានរួមគ្នា ទាំងកម្លាំងកាយ កម្លាំងចិត្ត កម្លាំងហិរញ្ញវត្ថុ ដើម្បីការអភិវឌ្ឍ តាមមូលដ្ឋាន រួមទាំងភាពសុខសាន្ត និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ឲ្យកាន់តែមាន ភាពកក់ក្តៅ ទំនុកចិត្ត និងមានការជឿជាក់ មកលើ ការដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេស បញ្ហាភូមិ-ឃុំមានសុវត្ថិភាពនៅទូទាំងរាជធានីភ្នំពេញតែម្ដង។
លោកស្រីបានបន្តទៀតថា ដើម្បីឲ្យកិច្ចការបំរើសេវាសាធារណៈ ដល់ប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធិភាព នោះគឺអាជ្ញាធររជធានី និងគ្រប់ថ្នាក់មូលដ្ឋានត្រូវនៅកៀកកិតស្និតស្នាល ជាមួយគាត់ដោយបន្តធ្វើឲ្យបានទូលំទូលាយនិងប្រសិទ្ធិភាព ការងារធ្វើឲ្យបានស៊ីជម្រៅ ហើយពលរដ្ឋចង់បាន ដើម្បីបំរើនូវសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងចូលរួមអនុវត្តតាមអនុសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីឲ្យប្រជាពលរដ្ឋទទួលបាន ទំនុក ចិត្ត និងការទទួលបាននូវសុខ សុវត្ថិភាព ក្នុងការរស់នៅទូទាំងប្រទេស។
លោកស្រីថ្លែងបញ្ជាក់បន្ថែមថា បញ្ហាការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឲ្យបានល្អ និងមានប្រសិទ្ធភាពនោះ ដូច្នេះអាជ្ញាធររាជធានី និងនៅមូលដ្ឋាន ត្រូវបន្តចុះ ត្រួត ពិនិត្យអំពីការធានា នូវការអនុវត្តការងារផ្ដល់អត្ដសញ្ញាណប័ណ្ណ ការងារ ផ្ដល់សំបុត្រកំណើត ការងារ ចុះបញ្ជីបញ្ចូលសមាជិកគ្រួសារ ការងារ ទំនាស់ដីធ្លី ផ្លូវ លូ ទឹកភ្លើង ការងារប្រកបអាជីវកម្ម កសិកម្ម ពាណិជ្ជកម្ម និងលិខិត បទដ្ឋានគិតិ្ដយុទ្ធ ផ្សេងៗទៀត មានតែអាជ្ញាធររាជធានី និងមូលដ្ឋាននេះហើយដែលជាអ្នកសម្រប សម្រួលផ្ទាល់ជូនពលរដ្ឋតាមតម្រូវការ៕