(កណ្ដាល)៖ លោកប៉ោ សេង ប្រធានផ្សារស្អាងដែលមានទីតាំងស្ថិតនៅក្នុងស្រុកស្អាង ខេត្តកណ្ដាល ត្រូវបានលោកលឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល ចេញដីកាកោះអោយចូលខ្លួនទៅបំភ្លឺពាក់ព័ន្ធទៅនឹងករណីនៅបន្តយកលុយភាសុីពី ប្រជាពលរដ្ឋលក់ដូរនៅតាមកញ្ច្រែង កញ្ជើ ល្អី ផ្ទុយពីសារាចរណែនាំរបស់រាជរដ្ឋាភិបាលដែលទើបនឹងចេញនៅពេលថ្មីៗនេះ។
យោងតាមដីកាកោះចេញដោយអយ្យកាអមសាលាដំបូងខេត្តកណ្ដាលកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ម្សិល មិញនេះបានធ្វើការកោះហៅលោកប៉ោ សេង ប្រធានផ្សារស្អាង អោយចូលខ្លួនទៅបំភ្លឺនៅចំពោះមុខអយ្យកានៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ខាងមុខនេះដើម្បីសាកសួរពីករណីយកលុយពីប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី ដែលថ្មីៗនេះ រាជរដ្ឋាភិបាលបានចេញសារាចរណែនាំអោយម្ចាស់ម៉ៅការភាសុីទាំងអស់ បញ្ឈប់ការយកលុយពីប្រជាពលរដ្ឋលក់ដូរនៅតាម កញ្ច្រែង កញ្ជើ ល្អី។
លោកលឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២០ ខែ ធ្នូ ឆ្នាំ២០១៦នេះអោយដឹងថា លោកពិតជាបានចេញដីកាកោះហៅប្រធានផ្សារស្អាងទៅសាកសួរពាក់ព័ន្ធករណីនៅបន្តយកលុយ ភាសុីពីប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី នៅថ្ងៃទី២៣ ខែធ្នូ ខាងមុខនេះពិតប្រាកដមែន។ លោកព្រះរាជអាជ្ញាបានបន្ថែម ថាការកោះហៅនេះ បន្ទាប់ពីលោកទទួលបានព័ត៌មានមួយចំនួនពីប្រជាពលរដ្ឋលើករណីនេះរួចមក មិនតែប៉ុណ្ណោះ យោងតាមវីតិក្រម មាត្រា៥៩២ ស្ដីពីនិយមន័យ នៃវីតិក្រម បានចែងថា វីតិក្រមគឺជាអំពើរបស់អ្នករាជការសាធារណៈឬពលរដ្ឋទទួលអាណត្តិសាធារណៈ ដោយការបោះឆ្នោតដែល៖ ១.ទាមទារឬទទួលសិទ្ធិជាពន្ធ ជាអាករនូវចំនួនប្រាក់ដែលខ្លួនបានដឹងថាមិនត្រូវបង់ឬដែលលើសពីចំនួនដែល គេត្រូវបង់។ ២.យល់ព្រមក្រោមរូបភាពណាមួយ និងដោយមូលហេតុណាមួយក៏ដោយ ធ្វើការលើកលែងឬការលោះលាចំពោះការបង់ពន្ធ ឬអាករដែលខ្លួនដឹងថាខុសច្បាប់។ យោងតាមមាត្រា៥៩៣ ទោសដែលត្រូវអនុវត្ត បទវីតិក្រមត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់បួនលានរៀលទៅ១០លានរៀល។
សូមបញ្ជាក់ថាកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅនេះ រាជរដ្ឋាភិបាលបានចេញសារាចរមួយស្ដីពី ការលប់ការបង់ថ្លៃចំពោះប្រជាពលរដ្ឋ លក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី ជាដើមដោយចាប់អនុវត្តចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។ ប៉ុន្តែក្រោយរាជរដ្ឋាភិបាលចេញសារាចរនេះរួចហើយ ប្រជាពលរដ្ឋក្រីក្រដែលលក់ដូរនៅតាមកញ្ច្រែង កញ្ជើ ល្អី នៅផ្សារស្អាងបានអះអាងថាប្រធានផ្សារនេះនៅតែអោយគេដើរយកភាសុីដដែល ដោយមិនគោរពទៅតាមសារាចររបស់រាជរដ្ឋាភិបាលនោះឡើយ។
យ៉ាងណាក៏ដោយ លោក ប៉ោង សេង អ្នកទទួលម៉ៅភាស៊ីផ្សារស្អាង ធ្លាប់បានប្រាប់អង្គភាព Fresh News ថា ចំពោះការប្រមូលភាស៊ីនោះ លោកបានណែនាំដល់បុគ្គលិករបស់គាត់ជាប្រចាំ ចំពោះការយកភាស៊ី ពោលគឺមិនឲ្យយកពីពលរដ្ឋដែលលក់បន្លែផ្លែឈើបន្តិចបន្តួច មកលក់ម្តងម្កាល ដោយលោកឲ្យប្រមូលតែអ្នកលក់តាមតូបតាមស្តង់តែប៉ុណ្ណោះ។
លោកបានបន្តថា សកម្មភាពបែបនេះ គឺលោកបានអនុវត្តន៍ជាយូរមកហើយ មិនទើបតែអនុវត្តន៍ក្រោយពេលសាចារចរណែនាំនោះទេ ហើយលោកប្តេជ្ញាចិត្ត នឹងខិតខំពង្រឹងបន្ថែមទៀត ចំពោះការប្រមូលភាស៊ីនេះ ដើម្បីអនុវត្តនតាមសាចរណែនាំ របស់រាជរដ្ឋាភិបាលឲ្យមានប្រសិទ្ធភាព៕