(ភ្នំពេញ)៖ សហព័ន្ធទេសចរណ៍កម្ពុជា នឹងសហការជាមួយ សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក និងសមាគមទេសចរណ៏កម្ពុជា រៀបចំការតាំងបង្ហាញពិព័រណ៍ទេសចរណ៍អន្តរជាតិកម្ពុជាឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្ររយៈពេល បីថ្ងៃនៅខែ តុលា ឆ្នាំ២០១៧។
ក្នុងសន្និសីទបង្ហាញពីគម្រោងនៃការរៀបចំពិព័រណ៍លំដាប់អន្តរជាតិ ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ពិព័រណ៍ទេសចរណ៍អន្តរជាតិកម្ពុជាឆ្នាំ២០១៧ នឹងរៀបចំឡើងពីថ្ងៃទី១៩-២០-២១ ខែតុលា ឆ្នាំ២០១៧។ ក្នុងសន្និសីទនោះ ក៏បានបញ្ជាក់ ផងដែរថា ពិព័រណ៍ពាណិជ្ជកម្ម និង ព្រឹត្តការណ៍សាធារណៈនេះ នឹងបង្ហាញពីការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលមានគោលដៅធ្វើដំណើរក្នុង និងក្រៅស្រុក។
ពិព័រណ៍នេះ នឹងគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍ នឹងការធ្វើដំណើ ទេសចរណ៍ដោយមានការលើកកម្ពស់គោលដៅទេសចរណ៍ ក្នុងស្រុក ដូចជា រមណីយដ្ឋាន សណ្ឋាគារ និងសួន ឧទ្យានកម្សាន្តផ្សេងៗ។ លើសពីនេះទៀតពិព័រណ៍នេះ នឹងផ្តល់ឱកាសសម្រាប់ ក្រុមហ៊ុនអាកាសចរណ៍អន្ដរជាតិ ទីភ្នាក់ងាទេសចរណ៍ និងការទាក់ទាញ ដើម្បីបំពេញតាមតម្រូវការកើនឡើងសម្រាប់ការធ្វើដំណើរ ទៅក្រៅប្រទេសជាលក្ខណ:គ្រួសារ និងបុគ្គល របស់ប្រជាជនកម្ពុជា។
ពិព័រណ៍ទេសចរណ៍អន្តរជាតិនេះ នឹងបើកទូលាយ និងស្វាគមន៍ គ្រប់ក្រុមហ៊ុនអាកាសចរណ៍ នាវាទេសចរណ៍ សណ្ឋាគារ រមណីយដ្ឋាន ភោជនីយដ្ឋាន និងហាងលក់វត្ថុអនុស្សាវរិ៍យ ហាងទំនិញ ក្រុមប្រឹក្សាភិបាលវិស័យទេសចរណ៍ សមាគមប្រទេសអាស៊ី ឧទ្យាន ឬសួនកម្សាន្ដ វប្បធម៌ សិល្បៈនិងការបង្ហាញបេតិកភ័ណ្ឌ ក្រុមហ៊ុនរៀបចំព្រឹត្តិការណ៍ ប្រតិបត្តិករទេសចរណ៍ ក្រុមហ៊ុនផ្ដល់សេវាកម្មជួលឡាន ម៉ូតូ កង់ ភ្នាក់ងារធ្វើដំណើរក្នុងស្រុកនិងអន្តរជាតិ, ការដឹកជញ្ជូន អ្នកផ្តល់ផលិតផលទាក់ទងនឹងការធ្វើដំណើរ (កាតឥណទាន / សំភារះធ្វើដំណើរ / សេវាធានារ៉ាប់រង / ផ្ទេរប្រាក់ ទស្សនាវដ្តីទេសចរណ៍ និងក្រុមហ៊ុនទូរគមនាគមន៍និងក្រុមហ៊ុនអ៉ីនធឺណេត)។
ប្រទេសកម្ពុជា ជាប្រទេស ដែលមានទីក្រុងអង្គរល្បីល្បាញនៅលើពិភពលោក ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិ។ ភ្ញៀវទេសចរ ដែលចូលមកប្រទេសបានកើនឡើងដល់ ៤,៨លាននាក់នៅឆ្នាំ២០១៥ ដែលមានកំណើន ៦.១ភាគរយ គួរឲ្យកត់សម្គាល់។ តួលេខនេះ ត្រូវបានគេរំពឹងថា នឹងកើនឡើងនៅក្នុងឆ្នាំ២០១៦ ជាមួយការហូរចូលនៃភ្ញៀវទេសចរមកពីប្រទេសចិន។
វិស័យទេសចរណ៍បានបង្កើតចំណូលជិត ៣ពាន់លានដុល្លារ នៃប្រាក់ចំណូលក្នុងស្រុក- មានចំនួន ១៧ភាគរយ នៃផលិតផលក្នុងស្រុក សរុបរបស់កម្ពុជា (GDP) ។ វិស័យទេសចរណ៍បានបង្កើតការងារដោយផ្ទាល់ជាង ៥០០,០០០នាក់ ប្រហែលជា ១៣ភាគរយនៃកម្លាំង ពលកម្មសរុបរបស់ប្រទេស។
គូសបញ្ជាក់ថា ប្រាក់ចំណូលដែលបានពីវិស័យទេសចរណ៍កើនឡើង និងជាលទ្ធផល នៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសទាំងមូល។ ដំណើរទេសចរណ៍ក្រៅស្រុកទៅកាន់ប្រទេសក្នុងតំបន់អាស៊ានគឺជាគោលដៅសំខាន់។ ជាលទ្ធផល រមណីយដ្ឋានក្នុងស្រុកនិងតំបន់ ទេសចរណ៍ដែលទាក់ទាញ ដូចជាឧទ្យានទឹកនិងសួនកំសាន្ដបាននិងកំពុងទទួលការចាប់អារម្មណ៍ កាន់តែច្រើនពីសំណាក់ភ្ញៀវ ទេសចរណ៍ជាតិ និងអន្ដរជាតិ៕