(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ AGUS SUPRIATNA មេបញ្ជាការកងទ័ពជើងអាកាសឥណ្តូនេស៊ី បានសន្យាជួយបណ្តុះបណ្តាល ជំនាញបច្ចេកទេសទ័ពអាកាសដល់កម្ពុជា ឲ្យកាន់តែប្រសើបន្ថែមទៀត ខណៈបច្ចុប្បន្នប្រទេសនេះ បានជួយផ្តល់ជំនាញ ជាច្រើនដល់កងទ័ពកម្ពុជានោះ។
ការសន្យារបស់លោក មេបញ្ជាការកងទ័ពជើងអាកាសឥណ្តូនេស៊ីរូបនេះ គឺបានធ្វើឡើងនៅក្នុងកិច្ចជំនួបជាមួយ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅល្ងាចថ្ងៃទី ១៩ ខែធ្នូឆ្នាំ២០១៦នេះ នៅបញ្ជាការដ្ឋានកងទ័ព។
ថ្លែងនៅក្នុងកិច្ចជំនួបនោះ នាយឧត្តមសេនីយ៍ AGUS SUPRIATNA បានលើកឡើងថា មេបញ្ជាការកងទ័ពជើងអាកាសឥណ្តូនេស៊ី បើកទ្វារចំហរជានិច្ចចំពោះ ការទទួលយកកងទ័ពជើងអាកាសកម្ពុជា ដើម្បីទៅសិក្សាផ្នែកបច្ចេកទេសផ្សេងៗ។ លោក AGUS SUPRIATNA ក៏បានថ្លែងអំណរគុណដល់ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងការពារជាតិ និងអគ្គបញ្ជាការ ដែលបានផ្តល់នូវគ្រឿង ឥស្សរិយសដល់រូបលោក ហើយលោករំពឹងថាទំនាក់ទំនងរវាងកងទ័ព នៃប្រទេសកម្ពុជា និងឥណ្ឌូនេស៊ី កាន់តែមានភាពជិតស្និទ្ធ នឹងគ្នាកាន់តែខ្លាំងក្លាបន្ថែមទៀតផងដែរ។
នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា នាពេលបច្ចុប្បន្ននេះ បានខិតខំស្តារ និងអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ រួមទាំងដំណើរការប្រជាធិបតេយ្យ ការរីកចម្រើននៃ សេដ្ឋកិច្ចជាតិ ការអភិវឌ្ឍន៍ធនធានមនុស្ស ការគោរពសិទ្ធិមនុស្ស ជាពិសេសធានាបាននូវសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខទូទាំងប្រទេសជាដើម។ តែយ៉ាងណាក៏ដោយ នាយឧត្តមសេនីយ៍ ប៉ុល សារឿន ក៏បានថ្លែងនូវការអរគុណចំពោះរដ្ឋាភិបាល និងកងទ័ពជាតិឥណ្ឌូនេស៊ី ដែលជានិច្ចកាលបានជួយឧបត្ថម្ភយ៉ាងច្រើនដល់ប្រទេស កម្ពុជា ដូចជាការជួយ ស្វែងរកសន្តិភាពសម្រាប់ប្រទេសកម្ពុជា តាមរយៈនៃការចូលរួមបញ្ជូនកម្លាំងរក្សាសន្តិសុខ ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ និងបានជួយបណ្តុះបណ្តាល ធនធានមនុស្សជាច្រើនជំនាញ ដូចជា កងកុម៉្មង់ដូ និងកងអង្គរក្សជាដើម។
នាយឧត្តមសេនីយ៍ បានបន្តថា ការធ្វើទស្សនកិច្ចរបស់ មេបញ្ជាការកងទ័ពជើងអាកាសឥណ្តូនេស៊ី នៅពេលនេះ នឹងរឹតចំណង សាមគ្គីភាព ភាតរភាពនិង កិច្ចសហប្រតិបត្តិការដ៏ល្អ ក្នុងនាមជាប្រជាជាតិ អាស៊ី អាគ្នេយ៍ដូចគ្នា ដោយពង្រឹងពង្រីក បន្ថែមទៀត នូវទំនាក់ទំនងល្អ រវាងរដ្ឋាភិបាលកងទ័ព និងប្រជាជន នៃប្រទេសទាំងពីរ (កម្ពុជា-ឥណ្តូនេស៊ី) ដែលមានជាយូរលង់មកហើយ ឲ្យកាន់តែរីកចម្រើននិងរឹងមាំបន្ថែមទៀត៕