(បន្ទាយមានជ័យ)៖ មន្រ្តីសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ សហការជាមួយមន្ទីរពាណិជ្ជកម្ម នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ និងកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ក្រោមការសម្រួលសម្រួលពីលោក តេង សម័យ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦នេះ បានបន្តយុទ្ធនាការ ចុះទៅពិនិត្យមើលទំនិញលក់ដូរ នៅផ្សាររលួស ស្ថិតនៅតំបន់ដាច់ស្រយ៉ាល ជាប់ព្រំដែន ក្នុងស្រុកស្វាយចេក ជាលទ្ធផលដកហូតបាននំ និងស្ករគ្រាប់ចម្រុះ៥៦គីឡូក្រាម ដែលខូចគុណភាព។
លោក ហុង លៀង អនុសាខាទទួលបន្ទុកប្រធានការិយាល័យប្រមូលចំណូល និងទីផ្សារ បានថ្លែងឲ្យដឹងថា យុទ្ធនាការចុះពិនិត្យទំនិញ ដាក់លក់នៅក្នុងផ្សារខាងលើនេះ បានធ្វើឡើងក្រោមការដឹកនាំផ្ទាល់ពីលោក ស៊ាន សីុណាត ប្រធានសាខាកំាកុងត្រូលខេត្តប៉ុន្តែក្រោយ ការចុះពិនិត្យ នៅតាមតូបលក់ដូរបង្ហាញឲ្យឃើញថា ក្រុមអាជីវករកាន់តែមានការយល់ដឹង ខ្ពស់លើការលក់ទំនិញ។
លោកបានបញ្ជាក់ថា «នៅពេលនេះ បងប្អូនអាជីវកររបស់យើង មានការយល់ដឹងខ្ពស់ ហើយពួកគាត់មិនបាននាំយកទំនិញ ដែលខូចគុណភាព និងហួសកាលបរិច្ឆេទ មកលក់ទៀតនោះទេ ចឹងហើយទំនិញលក់នៅក្នុងសាលា យើងរកឃើញនំ និងស្ករគ្រាប់ ខូចគុណភាពស្មើនឹង៥៦គីឡូក្រាម»។
បើតាមលោក ហុង លៀង ទំនិញខូចគុណភាពទាំងអស់នេះ ត្រូវបានយកទៅរក្សាទុកដើម្បីរង់ចាំការបំផ្លាញចោល។
ក្រោយបញ្ចប់ការចុះត្រួតពិនិត្យនៅក្នុងផ្សារខាងលើរួចមក ក្រុមការងារបានបន្តចុះទៅ សាលាបឋមសិក្សាស្វាយចេក ដើម្បីណែនាំ និងអប់រំពីសុវត្ថិភាពសិស្សានុសិស្ស ដើម្បីចូលរួមកាត់បន្ថយផលប៉ះពាល់ដល់សុខភាពរបស់ពួកគេ។