(ភ្នំពេញ)៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រាប់ក្រុមអ្នកសារព័ត៌មានថា សម្ភារៈទំនើបៗ ដែលរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ប្រគល់ជូន គ.ជ.ប នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦នេះ គឺគ្រប់គ្រាន់ហើយសម្រាប់បម្រើការងារបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខ។
ក្រោយពីបញ្ចប់ពិធីប្រគល់-ទទួលសម្ភារៈពីរដ្ឋាភិបាលចិនរួចមក លោក ស៊ិក ប៊ុនហុក បានឲ្យដឹងថា «សម្ភារៈទាំងនេះគឺសម្រាប់ឲ្យមន្រ្តី គ.ជ.ប យកទៅប្រើប្រាស់ នៅមូលដ្ឋានឆ្ងាយៗ ឆ្លើយតបនឹងបញ្ហា និងតម្រូវការនានា បានទាន់ពេលវេលា ដល់គ្រប់លេខាធិការដ្ឋានតាមខេត្តនានា។ សម្ភារៈទាំងនេះ ជាបច្ចេកវិទ្យាចុងក្រោយរបស់ប្រទេសចិន ហើយអ្នកជំនាញចិន នឹងមកដំឡើង និងបង្ហាត់បង្រៀនដល់យើង»។
លោក ស៊ិក ប៊ុនហុក បញ្ជាក់ថា កាលពីកំឡុងពេលចុះឈ្មោះបោះឆ្នោត កន្លងទៅ គ.ជ.ប បានជួបប្រទះការខ្វះប្រព័ន្ធអគ្គិសនី និងប្រព័ន្ធអ៊ីធឺរណេត ដែលជាហេតុធ្វើឲ្យការងារខ្លះមានភាពរអាក់រអួល ប៉ុន្ដែតទៅនេះមិនមានបញ្ហាកើតឡើងទៀតឡើយ។
ជាមួយគ្នានេះ លោក ស្យ៉ុង ប៉ូ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានឲ្យដឹងថា ការដែលរដ្ឋាភិបាលរបស់លោក ផ្ដល់សម្ភារៈទាំងនេះដល់ គ.ជ.ប គឺក្នុងគោលបំណងចង់ឲ្យដំណើរការបោះឆ្នោតនៅកម្ពុជា ប្រព្រឹត្តទៅដោយមានតម្លាភាព និងចង់ឲ្យប្រជាពលករខ្មែរ ទទួលបានផលប្រយោជន៍នានាពីភាគីចិន តាមរយៈជំនួយឧបត្ថម្ភទាំងនេះ។
លោក ស៊ិក ប៊ុនហុក បានបញ្ជាក់ថា សម្ភារៈដែលភាគីចិនផ្ដល់ជូន គ.ជ.ប ទាំងនេះ លោកនឹងណែនាំដល់មន្រ្តីនូវបទបញ្ជាមួយចំនួន រួមមាន៖ ទី១៖ត្រូវប្រើប្រាស់ក្នុងការងារបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខ ឲ្យចំគោលដៅ, ទី២៖ខិតខំថែរក្សា និងប្រើប្រាស់សម្ភារៈទាំងនេះ ឲ្យបានល្អត្រឹមត្រូវជាទីបំផុត ព្រោះកម្ពុជាមិនមែនជាប្រទេសមានសម្ភារៈទាំងនេះទេ ហើយលោកចង់ឲ្យមានស្មារតីប្រើប្រាស់ឲ្យបានល្អ ដើម្បីតបស្នងដល់អ្នកផ្ដល់ឲ្យ៕