(ភ្នំពេញ)៖ លោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា ការបណ្តុះបណ្តាលដល់មន្រ្តីរាជការ ជាគន្លឹះដ៏សំខាន់ក្នុងការពង្រឹងសមត្ថភាពមន្រ្តីរាជការ ឈានទៅអនុវត្តន៍ឲ្យបានសម្រេចលើការធ្វើកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅកម្ពុជា។
លោក ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ដូច្នេះក្នុងពេលអញ្ជើញបើកវគ្គបណ្តុះបណ្តាលថ្មីមួយទៀតស្តីពីវិធាន និងបទប្បញ្ញត្តិលទ្ធកម្មសាធារណៈជូនមន្រ្តីលទ្ធកម្ម នៃអង្គភាពថវិកាថ្នាក់មូលដ្ឋាន ១៥០នាក់ នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦នេះ។
លោក ហ៊ាន សាហ៊ីប បានថ្លែងថា ការបណ្តុះបណ្តាលនេះ ជាការងារចាំបាច់ ដើម្បីពង្រឹងពង្រីកសមត្ថភាព និងលើកកម្ពស់ការយល់ដឹងរបស់មន្រ្តីលទ្ធកម្ម សម្រាប់ចូលរួមចំណែកអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងដំណាក់កាលទី៣ ឲ្យសម្រេចបានជោគជ័យប្រកបដោយប្រសិទ្ធភាព ក្នុងគោលដៅបង្កើនការផ្សារភ្ជាប់រវាងថវិកាទៅនឹងគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល សម្រាប់កាអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។
លោកបណ្ឌិត ហ៊ាន សាហ៊ីប បានឲ្យដឹងដែរថា ឆ្នាំ២០១៦នេះ ជាឆ្នាំទី២ នៃការអនុវត្តថវិកាកម្មវិធីពេញលេញសាកល្បង ដែលបានចាប់ផ្ដើមដំបូងនៅឆ្នាំ២០១៥ កន្លងទៅ ដោយមានក្រសួងស្ថាប័នចំនួន១០ ត្រូវបានដាក់ឲ្យអនុវត្ត ហើយឆ្នាំ២០១៦នេះ មានក្រសួង ស្ថាប័នសរុបចំនួន២៥ បាននិងកំពុងចូលរួមអនុវត្តថវិកាកម្មវិធីពេញលេញសាកល្បង។
លោករដ្ឋលេខាធិការ ក៏បានឲ្យដឹងដែរថា នៅឆ្នាំ២០១៧ ខាងមុខ រាជរដ្ឋាភិបាលគ្រោងអនុញ្ញាតឲ្យក្រសួង ស្ថាប័នចំនួន ១១ថែមទៀត រួមនឹងអង្គភាពជំនាញពាក់ព័ន្ធក្រោមឱវាទ ចូលរួមអនុវត្តថវិកាកម្មវិធីពេញលេញសាកល្បង ដែលនឹងធ្វើឱ្យអង្គភាពថវិកាសរុប គិតត្រឹមឆ្នាំ២០១៧ នឹងមានចំនួន ៣៩០អង្គភាព (ទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន) និងមានអ្នកចូលរួមអនុវត្តសរុបចំនួន ៧៨,១៣០នាក់។ ប្រការនេះ ធ្វើឲ្យតម្រូវការបណ្តុះបណ្តាល និង កសាងសមត្ថភាពលើជំនាញពាក់ព័ន្ធនឹងការអនុវត្តថវិកាកម្មវិធីមានការកើនឡើងជាលំដាប់ ក្នុងនោះ វិធាន និងបទប្បញ្ញត្តិស្តីពីលទ្ធកម្មសាធារណៈ គឺជំនាញចាំបាច់មួយ ដែលក្រុមលទ្ធកម្មនៃអង្គភាពថវិកា ត្រូវរៀនសូត្រ ស្វែងយល់ និងហ្វឹកហាត់ ដើម្បីធ្វើបច្ចុប្បន្នកម្ម និងពង្រីកចំណេះដឹង និង ចំណេះធ្វើឲ្យកាន់តែរឹងមាំ សម្រាប់អនុវត្តតួនាទីភារកិច្ច ប្រកបដោយផលិតភាព និង ប្រសិទ្ធភាព។
លោកបណ្ឌិត ហ៊ាន សាហ៊ីប ក៏បានបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានផ្តល់ការយកចិត្តទុកដាក់ខ្ពស់លើការបណ្តុះបណ្តាល និងកសាងសមត្ថភាពមន្រ្តីរាជការ ដែលជាកត្តាគន្លឹះដើម្បីសម្រេចជោគជ័យ ក្នុងការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
លោក ហ៊ាន សាហ៊ីប បានថ្លែងដូច្នេះ « នៅឆ្នាំ២០១៥ កន្លងមក ក្នុងក្របខ័ណ្ឌនៃការអនុវត្តថវិកាកម្មវិធីនិងអង្គភាពថវិកាមានវគ្គបណ្តុះបណ្តាលជាច្រើន ត្រូវបានរៀបចំឡើងជូនដល់ថ្នាក់ដឹកនាំ និង មន្ត្រីជំនាញនៃអង្គភាពថវិការបស់ក្រសួង ស្ថាប័ន និងមន្ទីរជំនាញក្រោមឱវាទ ដែលបានចូលរួមអនុវត្តសាកល្បងថវិកាកម្មវិធីពេញលេញ។ លើសពីនេះ គិតត្រឹមខែធ្នូ ឆ្នាំ២០១៦ មានវគ្គបណ្តុះបណ្តាលកម្រិតជំនាញចាំបាច់សម្រាប់អនុវត្តថវិកាកម្មវិធី និង កិច្ចលទ្ធកម្មសាធារណៈ ចំនួន ៤០វគ្គ ថែមទៀត ត្រូវបានសហការរៀបចំឡើងជូនមន្រ្តីរាជការ និង ថ្នាក់ដឹកនាំជំនាញ នៃអង្គភាពថវិការបស់ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធក្រោមឱវាទ ដែលត្រូវចូលរួមអនុវត្តសាកល្បងថវិកាកម្មវិធី នៅឆ្នាំ ២០១៦ នេះ និង មានសិក្ខាកាមសរុបប្រមាណ ៣,១២០នាក់ បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលទាំងនោះ»។
ក្នុងន័យនេះ លោកបណ្ឌិតរដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា វគ្គបណ្ដុះបណ្ដាលទាំងនេះ ពិតជាមានសារសំខាន់ ដែលនឹងអាចចូលរួមចំណែកដល់ការបង្កើនចំណេះដឹង ពង្រឹងពង្រីកសមត្ថភាព និង បង្កើនការយល់ដឹងជូនដល់មន្រ្តីក្រុមលទ្ធកម្មនៃអង្គភាពថវិកាថ្នាក់មូល ដ្ឋាន ក្រោមឱវាទ ក្រសួងរ៉ែ និងថាមពល ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងក្រសួងមុខងារសាធារណៈ សម្រាប់ត្រៀមលក្ខណសម្បត្តិឲ្យបានគ្រប់គ្រាន់ និង តម្រង់ទិសការអនុវត្តកិច្ចលទ្ធកម្មរបស់ក្រសួងនីមួយៗ ឲ្យឈានទៅសម្រេចបានជោគជ័យប្រកបដោយប្រសិទ្ធភាព។
លោកបណ្ឌិតរដ្ឋលេខាធិការ បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ខិតខំយកចិត្តទុកដាក់ ត្រងត្រាប់ស្តាប់នូវគ្រប់បទឧទ្ទេសនាមរបស់គ្រូឧទ្ទេស និង វាគ្មិនទាំងអស់ នៃវគ្គបណ្តុះបណ្តាលនៅពេលនោះ ព្រមទាំងត្រូវចូលរួមពិភាក្សាផ្លាស់ប្តូរទស្សនៈ គំនិតយោបល់ និង បទពិសោធន៍ ប្រកបដោយលក្ខណៈបុរសកម្ម ដើម្បីស្វែងយល់ និង ចាប់យកចំណុចគន្លឹះសម្រាប់យកទៅអនុវត្តឱ្យមានប្រសិទ្ធភាព នៅពេលត្រឡប់ទៅកាន់ការដ្ឋានការងារ នៅតាមអង្គភាពរបស់ខ្លួនវិញ៕